ដោយ​: ជា សីហ​:/​ភ្នំពេញ​: លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​អះអាងថា​ដំណាំ​ដំឡូង​មី​គឺជា​ដំណាំ​កសិកម្ម​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​កម្ពុជា​ក្រៅពី​ដំណាំ​ស្រូវ​។​

​លោក​បាន​បន្ថែមថា ដំឡូង​មី​គឺជា​ដំណាំ​មួយ​ក្នុងចំណោម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សំខាន់ៗ​របស់​កម្ពុជា ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់ធ្វើ​ការនាំចេញ​។ ជាក់ស្តែង នៅ​ទូទាំងប្រទេស​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​សរុប​ចំនួន​ប្រមាណ ៦៥៦ .៨៦៨​ហ​.​ត បរិមាណ​ផល​សរុប​ជាង ១២​លាន​តោន​/​ឆ្នាំ ។​

​លោក​បាន​បន្ថែមថា ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​ដំណាំ​ដំឡូង​មី បងប្អូន​ប្រជាកសិករ​គួរ​យល់ដឹង​អំពី​កត្តា​ជា​អាទិភាព​សំខាន់ៗ​មួយចំនួន​ដែល​អាចជួយ​បង្កើន​ទិន្នផល​ដំឡូង​មី ក្នុងនោះ​មាន​ជាអាទិ៍​៖ – ការរៀបចំ​ដី – ការប្រើប្រាស់​ពូជ​ល្អ​គ្មាន​ជំងឺ និង​មាន​ប្រភព​ច្បាស់លាស់ – ការគ្រប់គ្រង​ជីជាតិ​ដី និង – ការ​គ្រប់ គ្រង​សមាសភាព​ចង្រៃ​។​

របាយការណ៍​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដំណាំ​សេដ្ឋកិច្ច​មួយ​នេះ​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​ជំងឺ​ម៉ូ​សា​អ៊ិ​ក ដែល​បណ្តាល​ឲ្យ​ទិន្នផល​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ថ្មីៗ​នេះ​បាន​ដឹកនាំ​ក្រុម ការងារ​ចុះទៅពិនិត្យ​លើ​ការដាំ​សាក​ពិសោធន៍​ដំឡូង​មី​ពូជ KU៥០ ពូជ​៨១ ពូជ​៨៩ និង​ពូជ​រ៉ាក់យ៉ង​៩ លើ​ផ្ទៃដី​១៥០​ហ​.​ត នៅក្នុង​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ ដើម្បី​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ភាព​ធន់​នឹង​សមាសភាព​សត្វល្អិត​ចង្រៃ និង​ជាពិសេស​ជំងឺឆ្លង​ម៉ូ​សា​អ៊ិ​ក របស់​ពូជ​ទាំង ៤​ប្រភេទ​នេះ​។

ជា​លទ្ធផល ក្នុងចំណោម​ពូជ​ទាំង ៤​ប្រភេទ​នេះ ឃើញថា​មានតែ​ពូជ KU៥០ និង​ពូជ ៨១ មាន​ដង​ដើម​លូតលាស់​ល្អ ស្ទើរតែ​គ្មាន​វត្តមាន​ជំងឺឆ្លង​ម៉ូ​សា​អ៊ិ​ក និង​គ្មាន​រោគសញ្ញា​ដែល​បណ្តាលមកពី​ការបំផ្លាញ​ដោយ​សមាសភាព​ចង្រៃ​ផ្សេងៗ​ឡើយ ដែល​អាចសន្និដ្ឋាន​បាន​ថា​ជា​ពូជ​មាន​សក្តានុពល​ខ្ពស់​។ ផ្ទុយទៅវិញ ចំពោះ​ពូជ ៨៩ និង​ពូជ​រ៉ា​ក់​រ៉ង ៩ មាន​វត្តមាន​ជំងឺឆ្លង​ម៉ូ​សា​អ៊ិ​ក​ប្រមាណ​ពី ២០-៣០% លើ​ផ្ទៃដី​ដាំ​ដុះ​សរុប​។

យោងទៅលើ​លទ្ធផល​នេះ អគ្គនាយកដ្ឋាន​កសិក​ម្ម​គ្រោង​នឹងធ្វើ​ការប្រមូល​ផល និង​ការប្រមូល​ដើម​ពូជ KU50 និង​ពូជ ៨១ យកទៅ​ចែកជូន​បងប្អូន​ប្រជាកសិករ​នៅ​អំឡុង​ខែ​មិនា​-​មេសា ឆ្នាំ​២០២១ ដែល​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​។​

​ការប្រើប្រាស់​ដើម​ពូជ​ដំឡូង​មី​មាន​សុខភាព និង​គុណ​ភាពល្អ ផ្តល់​ទិន្នផល​ខ្ពស់ ធន់​ទៅនឹង​ការ ប្រែប្រួល​អាកាសធាតុ ធន់ជំងឺ និង​សត្វល្អិត​ចង្រៃ គឺជា​កិច្ចការ​ចាំបាច់ និង​សំខាន់បំផុត​សម្រាប់​ប្រជាកសិករ​យកទៅអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ប្រុងប្រយ័ត្ន​ខ្ពស់ សមស្រប​តាម​លក្ខណ​:​បច្ចេកទេស ដើម្បី​បង្កើន​ទិន្នផល ប្រាក់ចំណេញ ធានាបាន​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ជា​ជំហានៗ​ជំរុញ​ការអភិវឌ្ឍ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​ដោយ​ឈរលើ​គោលការណ៍ “​ពូជ​ល្អ កំណើន​ទិន្នផល និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​” ។ ដូច្នេះ អគ្គនាយកដ្ឋាន​កសិក​ម្ម​សូម​ធ្វើ​ការណែនាំ​អំពី​វិធានការណ៍​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

១- ការប្រើប្រាស់​ពូជ​KU៥០ និង​ពូជ ៨១ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កសិករ​យកទៅ​ដាំ​ដុះ​។

២- កសិករ​គួរ​ជ្រើសរើស​ដើម​ពូជ​ដំឡូង​មី​មាន​ប្រភព​ច្បាស់លាស់ ពោលគឺ​ពូជ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ គ្មាន​ផ្ទុក​ជំងឺ និង​ជាពិសេស​ជំងឺ​ម៉ូ​សា​អ៊ិ​ច​។

៣- ការធ្វើ​អនាម័យ​ចម្ការ​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ​ក្រោយពេល​ប្រមូល​ផល គឺជា​កត្តា​សំខាន់ និង​ចាំបាច់ បំផុត​ដើម្បី​ចៀសវាង​ជំងឺឆ្លង និង​ជាពិសេស​បំផ្លាញ​ប្រភព​សត្វល្អិត​ចង្រៃ ដែលជា​ភ្នាក់ងារ​ចម្លង ជំងឺ​។ បើ​មានលទ្ធភាព​កសិករ​គួរ​ភ្ជួរ​ដី​ហាល​ចោល​ឲ្យ​បាន​ច្រើនសារ​ក៏​ជា​ការល្អ​ដែរ​។

៤- ករណី​មានការ​បំផ្លាញ​ធ្ងន់ធ្ងរ​ពី​សមាសភាព​ចង្រៃ ជាពិសេស​ជំងឺ​ម៉ូ​សា​អ៊ិ​ក នៅ​រដូវ​បន្ទាប់​កសិករ​គួរ​ដាំ​ដំណាំ​ផ្សេង​ជំនួស ដូចជា​សណ្ដែក ពោត ឬ​ដំណាំ​ផ្សេងៗ​វិញ ហើយ​បើ​អាច​កសិករ​មិនគួរ​ដាំ ដំណាំ​ដំឡូង​មី​ជាប់ៗ​គ្នាច្រើន​ឆ្នាំ​ទេ ព្រោះ​នាំ​ឲ្យ​បាត់បង់​ជីជាតិ​ដី ដី​អាចមាន​មេរោគ មាន​ផ្សិត​ចង្រៃ និង​សមាសភាព​សត្វល្អិត​ចង្រៃ ដំណាំ​នេះ​អាច​នឹង​ប្រឈម​ហា​នី​ភ័យ​ខ្ពស់​។

៥- ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ជា​ជម្រើស​ចុងក្រោយ ប៉ុន្តែ​កសិករ​គួរ​ពិភាក្សា ឬ​សុំ​យោបល់​ពី​មន្ត្រី​ជំនាញ ឬ​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត​សាមី ជាមុនសិន​៕