Home ព័ត៌មានសំខាន់ៗ ការនាំចេញ​របស...

ការនាំចេញ​របស់​កម្ពុ​ជា​សម្រេចបាន​ទំហំ​ទឹកប្រាក់​១៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០


ដោយៈ ច្រាយ ចំណាន​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ថា ការនាំចេញ​របស់​កម្ពុ​ជា មាន​ទំហំ​ទឹកប្រាក់​១៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ កើនឡើង​១៦.២៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ​បាន​ថ្លែងបន្តថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​ផ្សេងៗ មាន​ទំហំ​ទឹកប្រាក់​ប្រមាន​៣២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា “​ការនាំចេញ​របស់​កម្ពុ​ជា នៅតែមាន​ស្ថាន​ល្អ​”​។​

​ជាមួយគ្នា​ដែរ ការនាំចេញ​ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម ក៏​ទទួលបាន​កំណើន​គួរកត់សម្គាល់​ផងដែរ​។ គិត​ត្រឹម​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ សម្រាប់តែ​នាំចេញ​ផលិតផល​ក​សិ​- ឧស្សាហកម្ម ទៅកាន់​ទីផ្សារ​អន្តរជាតិ មានការ​កើនឡើង​រហូត​ដល់​ជិត​២​ពាន់​លាន​ដុល្លារ ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​យុទ្ធសាស្ត្រ​បន្ថែម ក្នុង​ការធ្វើ​ពិពិធ​កម្មវិស័យ​មួយ​នេះ​ឱ្យបាន​កាន់តែ​ទូលាយ​។​

​នៅក្នុង​របាយការណ៍​ដ​ដែល​បាន​បង្ហាញថា ការនាំចេញ​ដំណាំ​ដំឡូង​មី​មាន​ទំហំ​ទឹកប្រាក់​២៨៨,១១១,៧០០​ដុល្លារ​។ ការនាំចេញ​ស្វាយ​ស្រស់ សម្រេចបាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៤៧៣,២០៧,៧០០​ដុល្លារ​។ ការនាំចេញ​ស្វាយចន្ទី​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២៨៨,១១១,៧០០​ដុល្លារ​។​
​ការនាំចេញ​ចេកអំបូង​លឿង សម្រេចបាន​ទំហំ​ទឹកប្រាក់​៤៥១,១២៥,៧០០​ដុល្លារ​។ ការនាំចេញ​មៀន​ប៉ៃលិន សម្រេចបាន​ទំហំ​ទឹក​ប្រមាណ​៥៧,៧៦៣,១០០​ដុល្លារ​។ ការនាំចេញ​ម្រេច មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២៥,៤៩០,២០០​ដុល្លារ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular