គម្រោង​អភិវឌ្ឍន៍​ធំៗ​ចំនូ​ន​៩​នៅ​ក្រុងព្រះសីហនុ​នឹង​ចាប់​អនុវត្ត​នៅ​ដើមឆ្នាំ​២០២១

ដោយៈ ច្រាយ ចំណាន​/​ព្រះសីហនុៈ គម្រោង​អភិវឌ្ឍន៍​ខេត្ត និង​ក្រុងព្រះសីហនុ​ចំនួន​៩​នឹង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​បង្កើន​សោភ័ណភាព និង​ភាព​ទាក់ទាញ​ទេសចរណ៍ និង​វិនិយោគ​បន្ថែម​។

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ នៅមាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​ចំនួន​៩​ផ្សេងទៀត ដែល​នឹងត្រូវ​ចាប់​អនុវត្ត​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​តទៅ​។ លោក​បាន​បន្តថា គម្រោង​ទាំង​៩ ដែល​នឹងត្រូវ​អនុវត្ត​នៅ​ដើមឆ្នាំ​២០២១ រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា គម្រោង​ថែទាំ​សួនច្បារ​សាធារណៈ ស្ពានបេតុង បណ្តាញ​លូ​អ៊ុយ ថែទាំ​បណ្ដាញ​ភ្លើង​បំភ្លឺ​សាធារណៈ សាងសង់​ផ្លូវ​បេតុង និង​បណ្តាញ​លូទឹក​ភ្លៀង លូទឹក​សំអុយ​ជាដើម​។

​លោក​បន្តថា គម្រោង​ត្រូវ​សិក្សា​បន្ថែម​រួមមាន​គម្រោង​ទី​៣ កែសម្រួល​ស្ពាន​ឱ្យបាន​ធំ​ទូលាយ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​, គម្រោង​ទី​៥ កែសម្រួល​ទទឹងផ្លូវ​ឱ្យ​តាម​ស្តង់ដារ និង​គម្រោង​ទី​៦ កែសម្រួល​មក​ដាក់លូ​អ៊ុយ ដោយឡែក​គម្រោង ផ្សេងទៀត​យើង​បាន​ឯកភាព​។

​ដូចនេះ​មន្ត្រី​ជំនាញ​របស់​យើង​ត្រូវ​ចុះ​សិក្សា​បន្ទាន់ ដើម្បី​ដាក់​ឆ្លង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​ខាងមុខ​។​
​លោក​បញ្ជាក់ថា “​គម្រោង​ថវិកា​អភិវឌ្ឍន៍​ខេត្ត​សម្រាប់​ឆ្នាំ​២០២១ ដែល​រដ្ឋបាលខេត្ត​បានស្នើ​សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​បានធ្វើការ​កាត់​ថវិកា​អភិវឌ្ឍន៍​ជា​៣​ដំណាក់កាល បន្តបន្ទាប់​ធ្វើឱ្យ​គម្រោង​មួយចំនួន ត្រូវ​លុបចោល​ក្នុង​ផែនការអភិវឌ្ឍន៍​ឆ្នាំ​២០២១​។ ដូច្នេះ​យើង​ត្រូវ​ជ្រើស​រើសយក​គម្រោង​ណា ដែលជា​គម្រោង​អាទិភាព ដើម្បី​អភិវឌ្ឍន៍​ជាមុន និង​ជា​តម្រូវការ​ចាំបាច់​រប​ស់​មូលដ្ឋាន​។

​ទន្ទឹមនឹងនោះ​យើង​ត្រូវ​កៀរគរ​ផ្នែក​ឯកជន​ចូលរួម​អភិវឌ្ឍន៍​ក្រុង​របស់​យើង​បន្ថែមទៀត​។​
​លោក​បន្តទៀតថា ដោយសារ​ឆ្នាំកន្លងមក​ជំនន់​ទឹកភ្លៀង នៅតែ​បន្ត​ជន់​លិច​ក្រុង​របស់​យើង ដោយសារតែ​សំរាម​បាន​ហូរ​មក​កកស្ទះ នៅតាម​ស្ពាន​ចំនួន​៤ តម្រូវឱ្យ​រដ្ឋបាលខេត្ត ធ្វើការ​កែលម្អ សាងសង់​ពង្រីក​ស្ពាន​ទាំងនោះ​ឡើងវិញ ដូចជា​ស្ពាន L.V ស្ពាន​ស្តេច​មឹក និង​ស្ពាន ០២​ទៀត នៅ​អង្គការ​ម្លប់​តាប៉ាង​។ ស្ពាន​ទាំង​៤ ស្ថិតក្នុង​នៅ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា​ឆ្នាំ​២០២១​ខាងមុខ​។

​នៅក្នុង​ផែនការ​លម្អិត ដែល​បង្ហាញ​ពី​គម្រោង​ដែល​ត្រូវអនុវត្ត​មាន ដូចជា​៖
១.​ជួសជុល​សួនច្បារ​វិមានឯករាជ្យ សួន​កូនសោរ និង​សួនច្បារ​តោ​ពីរ​សង្កាត់​លេខ​៣​។ ២.​ជួសជុល​បណ្ដាញ​ភ្លើង និង​ភ្លើង​បំភ្លឺ សាធារណៈ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០០ ក្រុងព្រះសីហនុ​។ ៣.​ជួសជុល​ស្ពានបេតុង​បុក ស៊ី​ផាយ មុខ​អង្គការ​ម្លប់​តាប៉ាង​ចំនួន ០១​កន្លែង សង្កាត់ ៤​។ ៤.​ជួសជុល​ផ្លូវ​បេតុង ផ្លូវ​ទៅ​វត្ត​លើ ចាក់​បេតុង និង​ដាក់លូ​ទឹកភ្លៀង​មុខកាត់​០,៦​ម៉ែត្រ ម្ខាង​ស្រប​ផ្លូវ និង​លូ​មូល​កាត់​ទទឹងផ្លូវ​០,៨​ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​៧០១ ដល់​វត្ត​លើ សង្កាត់​លេខ​៣​។​
៥.​ជួស ជុល​ផ្លូវ​លេខ​៨០២ ចាក់​ក្រាល​បេ តុង លូទឹក​ភ្លៀង​មុខកាត់ ០,៦​ម៉ែត្រ និង​លូទឹកស្អុយ​មុខកាត់ ០,២​ម៉ែត្រ សងខាង​ផ្លូវ (​ចាប់ពី​ផ្លូវ​លេខ​៨០០ ផ្លូវ​លេខ​២១១) សង្កាត់​លេខ​២​។
៦.​ជួសជុល បណ្តាញ​លូ ផ្លូវ​លេខ ២១៣ ដាក់លូ​ទឹកភ្លៀង​មុខកាត់ ០,៨​ម៉ែត្រ លូទឹកស្អុយ​មុខកាត់ ០,២​ម៉ែត្រ សងខាង​ផ្លូវ​(​ចាប់ពី​ផ្លូវ​លេខ​២០០ ផ្លូវ​លេខ ២០៩)​។
៧.​ជួសជុល​បណ្ដាញ​លូ​អ៊ុយ (1mx1m) មាន​គម្រប​សងខាង​ផ្លូវ សង្កាត់​លេខ​៤ ចាប់ពី​ផ្លូវ​លេខ​១០៤ ត​ភ្ជាប់​កំណាត់ លូ​អង្គការ​ម្លប់​តាប៉ាង (​គម្រោង​ឆ្នាំ​២០២០)​។
៨.​ជួសជុល​ផ្លូវ​លេខ​១០៥ ចាក់​បេតុង លូទឹក​ភ្លៀង​មុខកាត់ ០,៨ ម៉ែត្រ និង​លូទឹកស្អុយ​មុខកាត់ ០,២​ម៉ែត្រ សងខាង​ផ្លូវ​(​ពី​ផ្លូវ​លេខ ១០០ ដល់​ផ្លូវ​លេខ​១០៣៤)​។
៩.​ជួសជុល​ផ្លូវ​លេខ​១០៣៤ ចាក់​បេតុង លូទឹក​ភ្លៀង​មុខកាត់ ០,៨ ម៉ែត្រ លូទឹកស្អុយ​មុខ កាត់​០,២ ម៉ែត្រ សងខាង​ផ្លូវ (​ពី​ផ្លូវ​លេខ ១០៣ ដល់​ផ្លូវ​លេខ​១០៥)៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular