ដោយៈរ៉ាម៉ន/ភ្នំពេញៈ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅផ្សារបុរីរុងរឿងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារកាលពីរសៀលថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅសង្កាត់ព្រែកលៀបស្មើ ៦ភូមិ និងរឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវទឹកលិច បញ្ហាទឹកស្អាត ភ្លើង និងបរិស្ថាន។ វេទិកានេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ, លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងលោក ឯក ស៊ុនចាន់ ប្រធានក្រុមការងារ ចុះជួយខណ្ឌជ្រោយចង្វារ ។
ក្នុងឱកាសនោះ លោក ព្រៀប មន្នី ចៅសង្កាត់ព្រែកលាប បានលើកយកសំណើរ សំណូមពររបស់ ប្រជាពលរដ្ឋ តាមរយៈលោកថា ដោយស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ រកយុត្ដិធម៌ រឿងក្រុមហ៊ុន អ្នកមានអំណាចបានរំលោភបំពានយក និងមិនបានដោះស្រាយឲ្យបានសមស្រប ណាមួយរឿងដីធ្លី ដែលពួកគាតកាន់កាប់ តាំងតែពីយូរយារណាស់ មកហើយនោះ ។
ដោយឡែក លោក អឿ ស៊ីផុន ចៅសង្កាត់ ព្រែកតាសេក ក៏បានលើកឡើងអំពីសំណូមពររបស់ ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនផងដែរថា៖ បច្ចុប្បន្ននេះ នៅភូមិចំនួន៤បានខ្វះទឹកស្អាត ប្រើប្រាស់នៅឡើយ ពិសេសនៅភូមិព្រែកតាសេកនេះ តែម្ដង និងបញ្ហាមួយទៀតនោះគឺ មានភូមិព្រែកតារ័ត្ន ភូមិព្រែករាំង និងភូមិព្រែកតាគង់ គឺកំពុងជួបបញ្ហា ដែលក្រសួងមហាផ្ទៃចុះមកកំណត់ព្រុំប្រទល់ ភូមិរួចកាត់ចួលទៅទឹកដីខេត្ដកណ្ដាលវិញ ដោយមិនបានសហការជាមួយអាជ្ញាធរខណ្ឌ និងសង្កាត់ឲ្យដឹងនោះ។ តាមរយៈវេទិការ នេះដែរ លោកក៏បានស្នើរឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយប្រាប់ទៅក្រសួងមហាផ្ទៃឲ្យរក្សាភូមិនេះ នៅក្នុងសង្កាត់ព្រែកតាសេកដដែល ។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅរសៀលនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ នឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន។
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើសំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។
លោកបន្ដថា តាមរយៈវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១៤
ខណ្ឌចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើឡើងចំនួន១២ដងផងដែរ ស្របពេលដែលរដ្ឋ បាលរាជធានីភ្នំពេញ បានបើកវេទិកានេះ បានចំនួន១២ខណ្ឌមកហើយ រួមទាំងខណ្ឌជ្រោយចង្វារនេះ នៅសល់តែ២ខណ្ឌទៀតយើងបញ្ចប់៕