ប្រែសម្រួលៈវាសនា/បាងកក៖ពួកមន្ត្រីថៃបានប្រកាសការរឹតត្បិតថ្មីនៅក្នុងទីក្រុងបាងកក រួមមានការបិទទីតាំងកម្សាន្តសប្បាយខ្លះក្នុងអំឡុងពេលឈប់សម្រាកដាច់ឆ្នាំ នៅពេលការចម្លងជំងឺកូវីដ១៩បន្តកើនឡើងក្រោយការផ្ទុះជំងឺនៅខេត្តក្បែរខាងនោះកាលពីជាងមួយសប្តាហ៍មុន។
សូមបញ្ជាក់ថា ក្រោយហាក់អាចគ្រប់គ្រងជំងឺឆ្លងសកលនេះបានប៉ុន្មានខែ ថៃបានជួបការផ្ទុះជំងឺកូវីដជាចង្កោមចំនួន២ ចាប់តាំងពីពាក់កណ្តាលខែធ្នូមកដែលគំរាមដំណើរការវិវឌ្ឍន៍របស់ថៃឡើងវិញ។ ការផ្ទុះជំងឺមួយបានចម្លងកម្មករចំណាកស្រុកមកពីមីយ៉ាន់ម៉ារាប់រយនាក់នៅផ្សារលក់អាហារសមុទ្រមួយជិតទីក្រុងបាងកក និងមួយទៀតបានកើតឡើងនៅប៉ុន្មានថ្ងៃនេះនៅវង់ល្បែងមួយក្នុងខេត្តរ៉ាយ៉ងភាគខាងកើត។
ក្នុងការប្រកាសការរឹតត្បិតកាលពីថ្ងៃចន្ទ រង្គសាលមានស្រីបំរើ កន្លែងលេងល្បែងនិងហាងម៉ាស្សានៅក្នុងក្រុងបាងកកត្រូវអាជ្ញាធរក្រុងបញ្ជាអោយបិទចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃ០៤មករា។បានិងភោជ្ជនីយដ្ឋាន អាចបើកបានត្រឹមពាក់កណ្តាលយប់និងត្រូវអនុវត្តវិធានគម្លាតសង្គម។
ថៃកាលពីថ្ងៃអង្គារបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មី១៥៥នាក់ ក្នុងនេះ១៣៤នាក់ឆ្លងក្នុងស្រុក។
ប្រទេសនេះកាលពីថ្ងៃចន្ទក៏មានអ្នកស្លាប់ដោយកូវីដ១៩ម្នាក់ជាលើកដំបូងក្នុងរយៈពេលជិត២ខែមកនេះ។ជនរងគ្រោះជាអ្នកយាមនៅកន្លែងលេងល្បែងមួយក្នុងខេត្តរ៉ាយ៉ងដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩ចុងក្រោយនៅថៃ។
អភិបាលខេត្តរ៉ាយ៉ង បានអះអាងថាកាលពីថ្ងៃអង្គារ មនុស្សយ៉ាងតិច១៤៨នាក់បានឆ្លងកូវីដ១៩ ពាក់ព័ន្ធនឹងវង់ល្បែងនេះ។
ជាការឆ្លើយតបនឹងការផ្ទុះជំងឺនេះ ខេត្តបានប្រកាសបិទជាទូទៅ រួមមានសាលារៀន បា កន្លែងកម្សាន្តផ្សេងៗ ហាងម៉ាស្សា កន្លែងកែសម្ផស្សនិងផ្សារទំនើប។ភោជ្ជនីយដ្ឋានត្រូវបានអនុញ្ញាតអោយបើកសំរាប់តែការទិញយកចេញទៅក្រៅប៉ុណ្ណោះ៕
ប្រជាជនថៃបន់ស្រន់នៅមុខទីសក្ការហិណ្ឌូនៅក្រៅផ្សារមួយក្នុងក្រុងបាងកក ដោយត្រូវនៅក្នុងរង្វង់កំណត់ទុកដើម្បីអនុវត្តគម្លាតសង្គម