ប្រែសម្រួល : កញ្ញាដាលីស/មូស្គូ ៖ បេឡារូសនិងអាហ្សង់ទីនបានចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណាទ្រង់ទ្រាយធំជាមួយនឹងវ៉ាក់សាំងផលិតនៅរុស្ស៊ីឈ្មោះ Sputnik V កាលពីថ្ងៃអង្គារទី២៩ធ្នូដោយក្លាយជាប្រទេសដំបូងគេនៅខាងក្រៅប្រទេសរុស្ស៊ី បានចាក់វ៉ាក់សាំងនេះ ។
វ៉ាក់សាំង Sputnik V ជុំដំបូងបានទៅដល់អតីតសាធារណរដ្ឋសូវៀត បេឡារូសកាលពីថ្ងៃអង្គារ ហើយកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបានចាប់ផ្តើមភ្លាមៗតែម្តង។
រដ្ឋមន្ត្រីសុខាភិបាលបេឡារូសលោក ឌីមេទ្រី ភីនេវិច ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងរបស់លោកនិងអាជ្ញាធរសុខាភិបាលរុស្ស៊ីយ៉ាងដូច្នេះថា”ដំណាក់កាលថ្មីចាប់ផ្តើមនៅបេឡារូសថ្ងៃនេះជាមួយនឹងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប្រឆាំងនឹងកូវីដ១៩។ បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកដែលទាក់ទងមនុស្សជាច្រើនដោយសារតែការងាររបស់ពួកគេនឹងក្លាយជាអ្នកដំបូងគេ ត្រូវចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងនឹងធ្វើឡើងដោយស្ម័គ្រចិត្តទាំងស្រុង”។
ប៉ុន្មានម៉ោងក្រោយមកយុទ្ធនាការស្រដៀងគ្នានេះបានចាប់ផ្តើមនៅអាម៉េរិកខាងត្បូងខណៈបុគ្គលិកពេទ្យអាហ្សង់ទីនបានចាប់ផ្តើមចាក់វ៉ាក់សាំងហើយមន្ត្រីបានទទូចថាវាមានសុវត្ថិភាព។ប្រធានាធិបតីអាល់បឺតូ ហ្វើណង់ដេសបានហៅវាថាជាយុទ្ធនាការចាក់វ៉ាក់សាំងធំបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេស។
គ្រូបង្រៀន អ្នកដែលមានបញ្ហាស្មុគស្មាញផ្នែកវេជ្ជសាស្ត្រ និង មនុស្សអាយុលើស ៦០ ឆ្នាំ គឺជាអ្នកបន្ទាប់នៅក្នុងប្រទេសអាហ្សង់ទីន ដែលបានទទួលវ៉ាក់សាំងចំនួន ៣០០.០០០ ដូសរហូតមកទល់ពេលនេះ ដែលវានឹងផ្តល់ជូនដោយឥតគិតថ្លៃនិងស្ម័គ្រចិត្តផងដែរ៕
បុគ្គលិកពេទ្យអាហ្សង់ទីនចាក់វ៉ាក់សាំងកូវីដ១៩ Sputnik V របស់រុស្ស៊ីកាលពីថ្ងៃអង្គារ