Home ព័ត៌មានជាតិ សន្តិសុខ កម្លាំងចម្រុះ...

កម្លាំងចម្រុះ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​បទល្មើស​ផ្សេងៗ នៅ​កំណាត់​ផ្លូវ​លេខ ១០១៩

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ អនុវត្តតាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ របស់លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ និង​ដើម្បី ការពារ​សន្តិសុខ សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ ក្នុងការ​បង្ក្រាប ទប់ស្កាត់​បទល្មើស​ផ្សេងៗ ក្នុង​មូលដ្ឋាន នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង ៩ យប់ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​ឆែក​អាវុធ ជាតិ​ផ្ទុះ គ្រឿងញៀន និង​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្ថិតនៅ​ផ្លូវ​លេខ​១០១៩ (​ផ្លូវ​ហាណូយ​) ចំណុច​មុខ​សាលាបឋមសិក្សា ភ្នំពេញ​ថ្មី ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​នៅក្នុង​ការអនុវត្ត​ការងារ​នេះ កម្លាំងចម្រុះ បាន​ត្រួតពិនិត្យ​ម៉ូតូ ឆ្លងកាត់​ចំនួន ១៨៧ គ្រឿង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន ២​នាក់ ជាមួយ​គ្រឿងញៀន មួយកញ្ចប់​តូច និង​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង ដោយឡែក​អាវុធ​ឆ្លងកាត់​គ្មាន​។ បច្ចុប្បន្ន ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​វត្ថុតាង បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ចាត់​ការបន្ត តាម​នីតិវិធី​ច្បាប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular