ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យ ចំនួន ៥ នាក់ ពាក់ព័ន្ធករណីឆបោក រំលោភលើ ទំនុកចិត្ត និងក្លែងបន្លំឯកសារសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៤ ករណី បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ ដើម្បីរង់ចាំការស៊ើបអង្កេត ជាបន្តទៀត។
ជនសង្ស័យចំនួន ៥ នាក់នេះ ត្រូវកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានី ភ្នំពេញ សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ, ខណ្ឌជ្រោយចង្វា , ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់ នៅថ្ងៃទី១៩, ២២ និង២៣ ខែធ្នូ កន្លងទៅនេះ។
លោក ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបានបញ្ជាក់ ថាៈ ករណីទី១. ឆបោក ប្រាក់ចំនួន ៧.៦៥០ ដុល្លារអាមេរិក តាមរូបភាពក្លែងបន្លំឯកសារ សាធារណៈ និងសមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ (ប័ណ្ណសម្គាល់យានយន្ត ស្លាកលេខ ភ្នំពេញ ២J-៦០៦៧ គល់លតាបត្រលេខ ៩៩០៦១១៦) ប្រព្រឹត្តនៅចំណុចម្តុំ ស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨ យប់ ដែលមានជនរងគ្រោះ ឈ្មោះ សេក សុភាស់ ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរ លក់រថយន្ត។
ករណីទី២.រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាឡិចស៊ីស RX-៣៣០ ពណ៌ស ឆ្នាំផលិត២០០៤ លេខតួ ២៤០០១៩៥៧១ និងលេខម៉ាស៊ីន០០៣៤ ៣៩៦ ពាក់ស្លាកលេខ ភ្នំពេញ ២AO-០៣២៦) និងក្លែងបន្លំឯកសារសាធារណៈ (ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២AO-០៣២៦) ដែលប្រព្រឹត្តនៅចំណុច ភោជនីយដ្ឋានមីហឹរ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដែលមានជនរងគ្រោះ ឈ្មោះ ជឿង ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ផ្ទះជួលលេខ៧A ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរ បុគ្គលិកក្រុមហ៊ុនបញ្ចាំ Takarajima Pawn Shop។
ករណីទី៣. រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៥ លេខតួ ៥៣០៩៩៦៨៩ និងលេខម៉ាស៊ីន ៣៧៥៧២៣៩ ពាក់ស្លាកលេខ ភ្នំពេញ ២BJ-១២៦៥ ) និងក្លែងបន្លំឯកសារសាធារណៈ (ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ២BJ-១២៦៥) ប្រព្រឹត្តនៅចំណុច ផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដែលមានជនរងគ្រោះ ឈ្មោះ វ៉ាត សុវណ្ណារី ភេទស្រី អាយុ៣២ ឆ្នាំ មានលំនៅ ផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរ បុគ្គលិកក្រុមហ៊ុនពិនិត្យអីវ៉ាន់។
ករណីទី៤.រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតា ធុនត្រា ពណ៌ស ឆ្នាំផលិត២០០៧ ពាក់ស្លាកលេខ ភ្នំពេញ ២BC-៩៧៧១) និងក្លែងបន្លំឯកសារ សាធារណៈ (ប័ណ្ណសម្គាល់ យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២BC-៩៧៧១) ប្រព្រឹត្តនៅចំណុច ម៉ាតជិតរោងចក្រ អគ្គិសនី ផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ដែលមានជនរងគ្រោះ ឈ្មោះ ឯក ប៊ុនថា ភេទប្រុស អាយុ៣៨ ឆ្នាំ មុខរបរវិស្វករស្នាក់នៅ ផ្ទះលេខ៣៩៤ ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យ ទាំង៥នាក់នេះ សមត្ថកិច្ច បានដកហូតមកវិញនូវភស្តុតាង មួយចំនួន ថែមទៀតផង៕/V-PC