ដោយៈ សរិទ្ធ / កំពង់ចាមៈ បុរសម្នាក់ដែលបានលួងលោម ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ យកទៅរំលោភសេពសន្ថវៈ បានត្រូវនគរបាលស្រុកចំការលើ ឃាត់ខ្លួន កាលពីម៉ោង ២ និង៣០នាទី រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ ដោយយោងតាមបណ្តឹងរបស់យាយជនរងគ្រោះ ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ បុរសរូបនេះ ឈ្មោះ ហេង សុភាក់ មានលំនៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងពាក្យបណ្តឹង ដែលដាក់នៅនគរបាល ស្រុកចំការលើ ឈ្មោះ សេង សំអឿន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបញ្ជាក់ថាៈ បុរសឈ្មោះ ហេង សុភាក់ បានចាប់រំលោភសេពសន្ថវៈ លើចៅស្រី របស់ខ្លួន អាយុ១៣ឆ្នាំ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨ និង១៥នាទីយប់ នៅចំណុចវាលស្រែ ក្នុងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងពាក្យបណ្តឹង បញ្ជាក់ទៀតថាៈ នៅមុនពេលកើតហេតុ ចៅរបស់ខ្លួន បាត់ចេញពីផ្ទះ ហើយខ្លួនបានទូរស័ព្ទរកចៅ។ ពេលនោះ ចៅរបស់គាត់ បាននិយាយតាមទូរស័ព្ទថា ជួយផងៗ ដោយមានការសង្ស័យ គាត់បាននាំគ្នាដើររក ។ លុះដល់ម៉ោងប្រហែល ៩ យប់ ទើបឃើញមានម៉ូតូ ១គ្រឿង ជិះមកឈប់នៅមុខផ្ទះ ហើយចៅរបស់ខ្លួន បានចុះពីលើម៉ូតូ ដើរចូលផ្ទះ ទើបគាត់សាកសួរ ហើយដឹងថា ចៅរបស់ខ្លួន ទើបមកពីរួមរ័ក ជាមួយឈ្មោះ ហេង សុភាក់ ។
ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរួមភេទ ជាមួយនារីរងគ្រោះ អាយុ១៣ឆ្នាំ ប្រាកដមែន។ ជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួន ដើម្បីចាត់ការ តាមនីតិវិធី ៕/V-PC