ដោយៈ សរិទ្ធ / ភ្នំពេញៈ សមត្ថកិច្ច បានតាមប្រមាញ់ រកឃើញរថយន្តមួយគ្រឿង នៅចំណុចផ្លូវលេខ ៤២ (ខាងកើតភ្នំរាប) ក្នុងភូមិស្វាយឧត្តម សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ កាលពីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលគេអះអាងថា ជារថយន្តរបស់ខ្មាន់កាំភ្លើង បាញ់សម្លាប់លោក នាយរងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយ ក៏ប៉ុន្តែរថយន្តនោះ បានត្រូវគេដោះផ្លាកលេខចេញ ។ ទោះជាយ៉ាងណាក៏ដោយ ស្លាកស្នាមនៃការខូចខាត ដោយការប៉ះទង្គិចគ្នា ក្នុងគ្រោះថ្នាក់ចរាចរណ៍ បានបន្សល់ជាការដាក់បន្ទុក សម្រាប់សមត្ថកិច្ច ដកហូត និងស្រាវជ្រាវបន្ត។
សមត្ថកិច្ច បានបញ្ជាក់ថាៈ រថយន្តនេះ ត្រូវបានគេដោះផ្លាកលេខចេញ ដោយចតអែបកៀនផ្ទះតែម្តង។ សមត្ថកិច្ច ក៏កំពុងសង្ស័យថា មានជាប់ពាក់ព័ន្ធ ជាមួយម្ចាស់ផ្ទះ ក្នុងភូមិស្វាយឧត្តម នេះផងដែរ ។
ម្ចាស់ផ្ទះនេះ អះអាងប្រាប់សមត្ថកិច្ចថាៈ កាលពីម៉ោងប្រហែល ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ គាត់បានធុំក្លិនឈ្ងៀម នៅជិតផ្ទះ ហើយគាត់ បានចេញមកមើល ក៏ឃើញបុរសម្នាក់ បានឡើងជិះម៉ូតូ ចេញទៅបាត់ ដោយទុករថយន្ត ចតចោលនៅនៅទីនេះ។
ទោះបីជាយ៉ាងណា សមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់ផ្ទះនេះ នាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់។
បើតាមរបាយការណ៍ផ្លូវការ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្ត៍នគរបាល រដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ជូន ថ្នាក់លើរបស់ខ្លួន ស្តីពីករណីឃាតកម្មបាញ់សម្លាប់ បណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍ ( រវាងរថយន្ត ជនសង្ស័យ ម៉ាក Lexus RX300 និងរថយន្តជនរងគ្រោះ ម៉ាក Ford Raptor F150 ) កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខ ផ្ទះសំណាក់ សាំងហ័រទៀន លើផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២ និង ៥៦នាទី ជនរងគ្រោះ ឈ្មោះ រ៉េត ស៊ីណែត ហៅ ញ៉ក់ អាយុ ៣៩ ឆ្នាំ មុខរបរ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ឋានៈនាយរងការិយាល័យ ឋានន្តរសក្តិ វរៈសេនីយ៍ទោ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៦៩ ផ្លូវលេខ ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឈ្មោះ វ៉ាន់ ភីលីន ភេទប្រុស អាយុ២៩ឆ្នាំ បានចេញពីហាង ហូបស៊ុប នៅម្តុំវត្តភ្នំ ហើយជនរងគ្រោះ ក៏បានបើករថយន្តម៉ាក Ford Raptor F150 ពណ៌ស ផលិតឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BD 3738 ដោយឈ្មោះ វ៉ាន់ គឺលីន រួមដំណើរជាមួយ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ពីទិសខាងកើត មកខាងលិច ពេលមកដល់ ចំណុចកើតហេតុ ខាងលើ ក៏មានរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A 4546. ជិះនៅក្នុងរថយន្ត មានចំនួន ៥ នាក់ (ប្រុស ២នាក់ ស្រី ២ នាក់ និងក្មេងតូចម្នាក់) បានមកបុកពីក្រោយ រថយន្ត Ford Raptor F150 បណ្តាលអោយខូចខាត ។ ចំណែករថយន្តម៉ាក Lexus RX300 ខូចខាតខាងស្ដាំ ផ្នែកខាងមុខ ។ ពេលនោះ ជនរងគ្រោះ បើករថយន្តបាំង ពីខាងមុខរថយន្ត Lexus RX300 រួចដកអាវុធខ្លី ម៉ាក Glock 19 , AALU204 ភ្ជង់ទៅលើរថយន្ត Lexus RX300 ក្នុងគោលបំណង មិនអោយបើកគេចខ្លួន ។ បន្ទាប់មក ជនបង្កទាំងពីរនាក់ ក៏បានចុះមកចរចា ជាមួយជនរងគ្រោះ ដោយព្រមព្រៀង យករថយន្ត Ford Raptor F150 ទៅជួសជុល នៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ហើយក៏បានបើករថយន្ត មកអែបខាងទាំងអស់គ្នា ។ ពេលនោះ មនុស្សស្រី ២ នាក់ និងកូនក្មេងតូចម្នាក់ ( ខាងភាគីរថយន្ត Lexus RX300 ) បានជិះ PassApp ( ម៉ូតូកង់បី ) ចេញពីកន្លែងកើតហេតុ ទៅមុន។ ចំណែកជនរងគ្រោះ និងឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលរថយន្ត Ford Raptor F150 ដែលខូចខាត ក៏ស្រាប់តែជនល្មើស ពីរនាក់ ដែលជាជនបង្ក គ្រោះថ្នាក់ចរាចរណ៍ បានដកអាវុធខ្លី មិនស្គាល់ម៉ាក ពណ៌ទឹកប្រាក់ បាញ់សំដៅជនរងគ្រោះ ពីក្រោយ ចំនួន ៤ គ្រាប់ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ ។ ចំណែកជនល្មើស ទាំងពីរនាក់ បានបើករថយន្ត Lexus RX300 ឆ្ពោះទៅទិសខាងលិច តាមផ្លូវសហព័ន្ធរុស្ស៊ី គេចខ្លួន ហើយឈ្មោះ ង៉ាន់ ភីលីន បានស្ទុះមកមើល ជនរងគ្រោះ ហើយដកអាវុធខ្លី របស់ជនរងគ្រោះ ពីក្នុងហោប៉ៅ ខាងស្តាំបាញ់ ចំនួន ៣ គ្រាប់ឡើងទៅលើ៕/V
សមត្ថកិច្ច រកឃើញរថយន្ត របស់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ មន្ត្រីប៉ូលិសព្រហ្មទណ្ឌភ្នំពេញ
សមត្ថកិច្ច រកឃើញរថយន្ត របស់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ មន្ត្រីប៉ូលិសព្រហ្មទណ្ឌភ្នំពេញ
សមត្ថកិច្ច រកឃើញរថយន្ត របស់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ មន្ត្រីប៉ូលិសព្រហ្មទណ្ឌភ្នំពេញ
សមត្ថកិច្ច រកឃើញរថយន្ត របស់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ មន្ត្រីប៉ូលិសព្រហ្មទណ្ឌភ្នំពេញ