ដោយៈសរិទ្ធ/កណ្តាលៈនគរបាលខេត្តកណ្ដាលបានស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនយុវជនម្នាក់កាលពីថ្ងៃទី២៩ខែធ្នូម្សិលមិញបន្ទាប់ពីចាក់នារីដែលជាអតីតគូដណ្ដឹង ដោយកូនកាំបិតចុងស្រួចបណ្តាលឲ្យរងរបួសធ្ងន់ហើយរត់គេចខ្លួនជិតពីរខែ។
លោកឧត្ដមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង នគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ អាយុ២៣ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ ។មានមុខរបរ លក់ស្រាក្រឡុក ។ចំណែកជនរងគ្រោះ ឈ្មោះ កែវ មួយគីម អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់ដើមមៀន ក្រុងតាខ្មៅ។
គួររំលឹកថា កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅនៅចំណុចតាមផ្លូវភូមិស្ទឹងជ្រៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ យុវជនជាជនដៃដល់បានយកកាំបិតចុងស្រួច ចាក់លើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាមត្រង់ក្រោមឆ្អឹងជំនីខាងស្តាំ មានស្នាមដាច់ចូលជ្រៅ។
យុវជនរូបបានប្រាប់ប៉ូលិសថា មូលហេតុដែលជំរុញឲ្យខ្លួនយកកូនកាំបិតចាក់ប៉ុនប៉ងសម្លាប់អតីតគូដណ្តឹង ដោយសារប្រច័ណ្ឌ និងខឹងនាងសុំផ្ដាច់ពាក្យពីខ្លួន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីបន្តចាត់ការតាមនីតិវិធី៕សរន