ដោយៈ ជាសីហៈ/ភ្នំពេញៈ តំណក់ប្រេងកាតដំបូងរបស់កម្ពុជាបានទទួលជាលើកដំបូង កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២០ ក្រោយពេលដែលវិស័យនេះត្រូវបានរលត់ទាំងស្រុងកាលពីឆ្នាំ១៩៧០ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពី សមិទ្ធផលថ្មីនេះ តាមបណ្តាញសង្គម និងតាមការប្រកាសផ្សាយផ្ទាល់តាមទូរទស្សន៍ ជាតិកាលពីម្សិលមិញ ។ ទាក់ទងនឹងកំណប់រ៉ែខ្មៅនេះកម្ពុជាធ្លាប់មានរោងចក្រចម្រាញ់ ប្រេងកាតមួយ ប៉ុន្តែវាបានបំផ្លាញនៅឆ្នាំ១៩៧០ ។ បណ្តាញសង្គមមួយដែលត្រូវបានគេមានប្រភពស្និទ្ធនឹងព្រះបរមរាជវាំងបានចែករំលែកថា រោងចក្រខ្មែរចម្រាញ់ ប្រេងកាតមួយត្រូវបានអភិវឌ្ឍន៍ឡើងក្រោមព្រះរាជកិច្ចដឹកនាំ នៃព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
រោងចក្រនេះបានធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យនិងក្លាយជារដ្ឋដ៏ជឿនលឿនមួយនៅក្នុងតំបន់ ព្រមទាំងទទួលបានការកោតសរសើរលើឆាកអន្តរជាតិក្រោមចលនា សង្គមរាស្ត្រនិយម ដែលមានព្រះអង្គជាព្រះមហាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ។
នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៩ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា–បារាំងព្រះរាជាណាចក្រ កម្ពុជាបានចាប់ផ្តើមដំណើរការរោងចក្រខ្មែរចម្រាញ់ប្រេងកាតរបស់ខ្លួនក្នុងទឹកដីនៃខេត្តព្រះសីហនុ ដែលមានដើមទុនវិនិយោគចំនួន ២២០លានរៀល ក្នុងនោះរដ្ឋកាន់កាប់ភាគហ៊ុនចំនួន ៦៥ភាគរយ និងក្រុមហ៊ុនបារាំងអែលហ្វ៍ អ៊ុយញូ កាន់កាប់ភាគហ៊ុនចំនួន ៣៥ភាគរយ ហើយដែលរោងចក្រចម្រាញ់ប្រេងកាតនេះមានសមត្ថភាពចម្រាញ់ និងលក់ផលិតផលដំបូងបាន ៦០០.០០០តោន នៃប្រេងកាតឆៅសមត្ថភាពទទួលកប៉ាល់ ដឹកប្រេងកាតទម្ងន់ ៤៥.០០០តោនបាន និងចម្រាញ់ប្រេងកាតឆៅ ៥០០ពាន់តោនក្នុង មួយឆ្នាំ តម្លៃរោងចក្របានកើនឡើងដល់ ៤០០លានរៀល និងវិនិយោគទុនសរុបមានតម្លៃ ៨០០លានរៀល ។
ប្រភពដដែលបានបន្តថា នៅសម័យនោះសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុបានស្តេច យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធឲ្យដំណើរការជាផ្លូវការ នៃរោងចក្រខ្មែរចម្រាញ់ប្រេងកាត ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ១៩៦៩ នៅចំពោះមុខលោករដ្ឋមន្ត្រីប្រតិភូបារាំង ទទួលបន្ទុកផ្នែកផែនការណ៍ និងការរៀបចំដែនដី និងលោកជំទាវ អង់ដ្រេបេតតង់កួរ។ ក្រោយមករោងចក្រនេះបានទទួលរងការបំផ្លាញ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០។ នេះគឺជាសាវតានៃវិស័យប្រេងនៅកម្ពុជា ប៉ុន្តែប្រភពដដែល មិនបានលើកឡើងអំពីកំណប់ប្រេងកាតនៅកម្ពុជាទេ ។
ប៉ុន្តែសម័យតេជោសែនកម្ពុជាអាចទាញតំណក់ប្រេងបានជាលើកដំបូង។នេះជាមហាសមិទ្ធផលជាប្រវត្តិសាស្រ្តបន្ទាប់ពីកកម្ពុជាទទួលបានសន្តិភាពពេញលេញេរយៈពេល២២ឆ្នាំ៕/PC/