ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ រដ្ឋធានីប៉េកាំងរបស់ចិនក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះបានឈានដល់ស្ថានភាពប្រកាសអាសន្នខណៈដែលករណីកូវីដកាន់តែច្រើននៅក្នុងទីក្រុងនេះបាននាំឱ្យមានការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ការបិទតំបន់លំនៅដ្ឋានមួយចំនួននិងបណ្តាលឱ្យលុបចោលការប្រមូលផ្តុំនិងការសម្តែងជាច្រើន។
ករណីឆ្លងចំនួន ១៨ នាក់ ដែលជាការឆ្លងក្នុងស្រុកលើកដំបូងនៅទីក្រុងប៉េកាំងក្នុងរយៈពេលជាង ១៥០ ថ្ងៃត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ១៤ ខែធ្នូ។
ក្រុមមន្ត្រីក្រុងបានប្រកាសថា ទីក្រុងប៉េកាំងបានចូលដល់ “កម្រិតប្រកាសអាសន្ន” កាលពីថ្ងៃអាទិត្យ ទី២៧ ធ្នូ ហើយបានអនុវត្តការគ្រប់គ្រងខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ការផ្ទុះឡើងនៃវីរុសកូរ៉ូណាដាច់ដោយឡែកពីគ្នាក៏ត្រូវបានរាយការណ៍ផងដែរនៅទីក្រុងតាលៀននិងទីក្រុងសិនយ៉ាងនៃខេត្តលៀវនីញភាគខាងជើង។
ការកើនឡើងនូវករណីឆ្លងនេះបានបង្កឱ្យមានការព្រួយបារម្ភនៅផ្នែកខ្លះនៃទីក្រុងប៉េកាំងជាពិសេសនៅក្នុងសង្កាត់ស៊ុនអ៊ីកន្លែងដែលអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងមានទីតាំងស្ថិតនៅទីនោះ ដូច្នេះគេបារម្ភថាវីរុសអាចនឹងរាលដាលមើលមិនឃើញនៅក្នុងរដ្ឋធានីរួចទៅហើយ។
ទីក្រុងនេះកាលពីថ្ងៃអង្គារបានបញ្ចប់ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំទៅលើប្រជាជនក្នុងសង្កាត់ស៊ុនអ៊ីទាំងអស់ ដែលលទ្ធផលចេញមកគឺមិនមានករណីថ្មីទេ។ ការធ្វើតេស្តិ៍ជិត ១,៣លានត្រូវបានធ្វើឡើងនៅក្នុងសង្កាត់នេះចាប់តាំងពីចុងសប្តាហ៍៕
មនុស្ស១,៣លាននាក់នៅសង្កាត់ស៊ុនអ៊ីត្រូវបានធ្វើតេស្តរកមើលកូវីដ១៩