​រដូវវស្សា​ជិត​មកដល់​បាតុភូតធម្មជាតិ​កាន់តែ​គ្រោះថ្នាក់​

981
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​អតិបរមា​មិន​កើន​លើសពី​៣០​អង្សា​សេ​ទេតែ​បរិយាកាស​មាន​សភាព​ក្តៅ​និង​ហប់​ខ្លាំងដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មួយ​បាន​នឹង​កំពុង​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មកជា​មួយ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ច្រើន​ត្រូវ​ប្រុងប្រយ័ត្ន​ពីថ្ងៃ​ទី​២៣​ខែមេសា​ដល់​ថ្ងៃទី​២​ខែឧសភា​ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៣​ខែមេសា​ថា​ធាតុអាកាស​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​សីតុណ្ហភាព​អតិបរមា​មិន​កើនឡើង​ខ្ពស់​ទេ​តែដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មួយ​បាន​នឹង​កំពុងស្ថិត​ពីលើ​ប្រទេស​កម្ពុជា​ធ្វើ​បរិយាកាស​មាន​សភាព​ក្តៅ​និង​ហប់​ខ្លាំង​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ចា​ក់ថា សីតុណ្ហភាព​អតិបរមា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ស្ថិតក្នុង​រង្វង់​ពី​២៩​ទៅ​៣០​អង្សា​សេ តែ​ក្តៅ​ខ្លាំង​និង​បន្ទាប់​ពីនេះ​មាន​ភ្លៀង​កក់ខែ​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ហើយដោយ​ចាប់ផ្តើម​ពី​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​និង​រាលដាល​ទៅដល់​ខេត្ត​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​ជាមួយនឹង​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ត្រូវ​ប្រុងប្រយ័ត្ន​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​២២​ខែមេសា​បាន​ជូនដំណឹង​ថា​ជ្រលង​សម្ពាធ​ទាប​មួយ ដែល​បាន​នឹង​កំពុង​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្ត​បន្ទាប់ពី​តិច​ទៅ​ច្រើន ក្នុង​ក្របខ​ណ្ឌ័​ស្ទើរ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៣​និង​២៤​ខេ​មេសានៅ​បណ្តា​ខេត្ត​ភាគ​ពាយព្យ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​

​ក្នុង​សេចក្តីជូនដំណឹង ដែល​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​នេះ​បាន​សរសេរ​ទៀតថាចាប់ពី​ថ្ងៃទី​២៥​រហូតដល់​ថ្ងៃទី​២​ខែឧសភា​ភ្លៀង​កក់ខែ​នឹង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ជាពិសេស​នៅ​ខេត្តពោធិសាត់ បាត់ដំបង​ប៉ៃលិន​បន្ទាយ​មាន​ជ​យ័​ឧ​ត្ត​រ​មាន​ជ​យ័​ព្រះវិហារ​និង​ខេត្តសៀមរាប​។​បណ្តា​រាជធានី​និង​ខេត្ត​ផ្សេង​ពីនេះ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀតថា​ស្ថានភាព​សីតុណ្ហភាព​ក្នុង​រយៈពេល​ខាងលើនេះ​សីតុណ្ហភាព​អតិបរមា​ស្ថិតនៅក្នុង​រង្វង់​ពី​២៩​ទៅ​៣០​អង្សា​សេ​។​ឯ​សីតុណ្ហភាព​អប្បបរមា ស្ថិតនៅក្នុង​រង្វង់​ពី​២៥​ទៅ​២៦​អង្សា​សេ​។​
​សេចក្តីជូនដំណឹង​ដដែល​បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័អំពី​គ្រោះថ្នាក់​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ដែល​កើតមាន​ច្រើន​ជាពិសេស​នៅ​បណ្តា​ខេត្ត​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ដូចជា​បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ​យ័​និង​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​៕S/

​រដូវវស្សា​ជិត​មកដល់​បាតុភូតធម្មជាតិ​កាន់តែ​គ្រោះថ្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម