ដោយៈប.ខុន/ភ្នំពេញៈ ខ្យល់មូសុងឦសានបានចាប់ផ្តើមបង្កើឥទ្ធិពលបង្កឱ្យមានរលក សមុទ្រខ្ពស់ៗ (ពី០.៧០ទៅ១ម៉ែត្រ) និងធាតុអាកាសក៏ចាប់ផ្តើមចុះត្រជាក់ជាថ្មី សម្រាប់ខេត្តជួរភ្នំដងរែក និងតំបន់ ខ្ពង់រាប ភាគឦសាន សីតុណ្ហភាពអប្បបរមា អាចចុះដល់ពី១៤-១៦អង្សាសេ។
លោកចាន់ យុត្ថា អ្នកពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ថា សីតុណ្ហភាពចាប់ផ្តើមធ្លាក់ចុះនៅថ្ងៃនេះ (៣០ធ្នូ) ជាមួយនឹងខ្យល់មូសុងឦសានខ្លាំង បាន មកដល់មានល្បឿនពី៧ទៅ១០ម៉ែត្រក្នុងមួយវិនាទី ដែលជាធម្មតាខ្យល់មាន ល្បឿពី២ទៅ៣ម៉ែត្រ និងជាមធ្យមមានពី៣ទៅ៥ម៉ែត្រក្នុងមួយវិនាទី។
ខ្យល់មូសុងឦសានខ្លាំងនេះ ត្រូវបានអ្នកនាំពាក្យខាងលើបញ្ជាក់ថាបង្ក ឱ្យមានរលកសមុទ្រខ្ពស់ៗពី០.៧០ទៅ១ម៉ែត្រនៅពេលយប់ និងពេលព្រឹក តែ វាស្ងប់ទៅវិញបន្តិចនៅពេលរសៀលពីម៉ោង២ដល់ម៉ោង៥ល្ងាច។
ស្ថានភាព បែបខាងលើកើតមានរហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ទើបថមថយមករកសភាពធម្មតាវិញ។
លោកចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថា ជាមួយនឹងខ្យល់មូសុងឦសានខ្លាំងនេះ ធាតុអាកាសក៏ចុះត្រជាក់ខ្លាំងដែរ ជាពិសេសនៅយប់ថ្ងៃឆ្លងឆ្នាំ សកលរហូតដល់ថ្ងៃទី៣ ខែមករា ទើបសីតុណ្ហភាព កើនឡើងមកវិញ។ ចំណែក ឯសម្ពាធទាបសកម្មនៅក្នុងសមុទ្រខាងត្បូងប្រទេសវៀតណាម បានថយឥទ្ធិ ពលមកជាសម្ពាធទាបដើរចុះក្រោម (ត្បូង) មិនចូលដល់ឈូងសមុទ្រ ទេ។
លោកហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះ សីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ថា សីតុណ្ហភាព នៅខេត្តព្រះសីហនុនៅថ្ងៃនេះ ចាប់ផ្តើមត្រជាក់។ ឯរលកសមុទ្រក៏មានសភាព ខ្ពស់បែកផ្កាត្រែងហើយនៅព្រឹកនេះទាំងសមុទ្រក្នុងក៏ដូចជាសមុទ្រក្រៅ។ ទឹក សមុទ្រមានរលកខ្ពស់ៗ ទូកតូចៗមិនហ៊ានចេញដំណើរទេ តែសម្រាប់កប៉ាល់ ដឹកអ្នកដំណើរទៅតាមកោះនៅអាចទៅមកបានពេលរសៀល។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដែលបង្ហាញឱ្យឃើញពីធាតុអាកាសត្រជាក់ខ្លាំងកើតមានជាថ្មី និង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
នៅក្នុងសេចក្តីជូនដំណឹងខាងលើបានសរសេរថាព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះមកក្រោម (ត្បូង) និង ខ្យល់ មូសុងឦសានខ្លាំង ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ស្ថានភាពបែបខាងលើនេះ ធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មីចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ដោយនៅបណ្តាខេត្តតំបន់វាលដូចជាខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង ខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមាមានពី ១៦-១៨អង្សាសេ និង អតិបរមា មានពី២៥-២៧អង្សាសេ។ សម្រាប់បណ្តាខេត្តដទៃសីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សា សេ និងអតិបរមាមានពី២៦-២៨អង្សាសេ ។ ខេត្តជាប់ជួរភ្នំដងរែកនិងតំបន់ ខ្ពង់រាប ឦ សា នសីតុណ្ហភាពអប្បបរមាមានពី១៤-១៦អង្សាសេ សីតុណ្ហភាពអតិបរ មា មានពី២៦-២៨អង្សាសេ។ បណ្តាខេត្តតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ។
នៅក្នុងសេចក្តីជូនដំណឹងបានសង្កត់ធ្ងន់ថាអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនជ្រាបជាព័ត៍មាន ពិសេសវីរៈកងទ័ពឈរជើងនៅតំបន់ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ ដោយឡែកសម្រាប់ប្រជានេសាទនិង អ្នក ដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងជាមួយល្បឿន ខ្យល់មូសុងឦសានខ្លាំងនិងរលកសមុទ្រខ្ពស់ ៕