Home ព័ត៌មានជាតិ សង្គម ក្រុមហ៊ុន ស្ម...

ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ចូលរួម​គាំទ្រ​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩ តាមរយៈ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា លោក ថូ​ម៉ាស ហ៊ុន បានធ្វើ​ទស្សនៈកិច្ច​នៅឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​អំពី​ឥទ្ធិពល​របស់​វីរុស​កូ​វីដ​១៩ មកលើ​ប្រទេស​កម្ពុជា ក៏ដូចជា​ដើម្បី​សិក្សា​អំពី​ថា​តើ​មូលនិធិ​ទឹកប្រាក់​១​លាន​ដុល្លារ​របស់​ស្មា​ត សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩ ត្រូវបាន​យកទៅ​ប្រើប្រាស់​យ៉ាងណាខ្លះ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​នេះ​។​

​លោក​វេជ្ជបណ្ឌិត អេ​រ៉ី​ក ខាល​សិន (Dr. Erik Karlsson) អនុប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ស្មា​ត ចំពោះ​ការផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដ៏​សប្បុរស​នេះ​។ លោក​វេជ្ជបណ្ឌិត​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដោយសារ​តែមាន​សម្ភារៈ​បរិក្ខារ​ដែល​ត្រូវបាន​ទិញ​ដោយ​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​របស់​ស្មា​ត វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា អាចធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​១៩​បាន​ចំនួន​ពី​៥០០​ទៅ​៦០០​នាក់​នៅក្នុង​១​ថ្ងៃ នា​អំឡុងពេល​ពីរ​បី​ខែ​ចុងក្រោយ​នេះ ហើយ​វិទ្យាស្ថាន​ក៏មាន​លទ្ធភាព​កាន់តែ​ខ្ពស់ ក្នុងការ​ធ្វើតេស្ដ​ឲ្យ​បាន​ច្រើនជាង​ចំនួន​ខាងលើនេះ​ផងដែរ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា លោក ថូ​ម៉ាស ហ៊ុន បាន​ថ្លែង​ទៅកាន់​ក្រុមការងារ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ថា​៖ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការលះបង់ ការយកចិត្តទុកដាក់​របស់​អ្នក​ទាំងអស់គ្នា​នៅទីនេះ ដែល​បាន​ជួយ​រក្សាសុខ​សុវត្ថិភាព​របស់​ប្រទេស​កម្ពុជា [​ពី​វីរុស​កូ​វីដ​១៩ ]”​។ លោក ថូ​ម៉ាស បាន​បន្ថែមថា “​ក្រុមហ៊ុន ស្មា​ត ចាត់ទុក​ខ្លួនឯង​ជា​ផ្នែក​មួយ​នៃ​សហគមន៍ ពោលគឺ​មិនមែន​គ្រាន់តែ​ជា​គ្រឹះស្ថាន ដែល​រកប្រាក់​ចំណេញ​តែមួយ​មុខ​នោះទេ​។ នៅក្នុង​គ្រា​លំបាក​ដូចជា​ពេលបច្ចុប្បន្ន​នេះ វា​ចាំបាច់​ណាស់​ដែល​ពួកយើង​ទាំងអស់គ្នា រួបរួមសាមគ្គី​គ្នា និង​ធ្វើ​គ្រប់​កិច្ច​ការដែល​យើង​អាច​ធ្វើបាន ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​រាតត្បាត​នៃ​វីរុស​នេះ​ឲ្យ​បាន​អស់ពី​ចិត្ត​។​”

​ជាថ្មី​ម្ដងទៀត ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា សូម​ប្រកាស​ទទួល​ពាក្យស្នើសុំ​ថវិកា​ពី​មូលនិធិ​ទឹកប្រាក់​១​លាន​ដុល្លារ​របស់​ស្មា​ត សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩​។ ក្រុមហ៊ុន ស្មា​ត សូម​ស្វាគមន៍​ការដាក់​ពាក្យ​ពី​គ្រប់​ស្ថាប័នរដ្ឋ​និង​ឯកជន​ទាំងឡាយ ដែលមាន​មធ្យោបាយ​បំពេញ​សេចក្ដីត្រូវការ​សំខាន់ៗ​របស់​កម្ពុជា នា​អំឡុងពេល​មាន​វិបត្តិ​កូ​វីដ​និង​ក្រោយពេល​វិបត្តិ​នេះ​កន្លងផុតទៅ​។ ស្ថាប័ន​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ នឹង​អាច​ទទួលបាន​ថវិកា ពី​ចន្លោះ ២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ ២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular