ដោយ:សុខុម/ស្ទឹងត្រែង:មិនលំបាកទេឱ្យតែខំប្រឹងធ្វើនឹងទទួលបានផលទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។នេះជាសម្ដីរបស់កសិករដាំដំណាំប៉ិកួៈនៅតាមជនបទដែលបានលើកឡើងក្នុងសម័យ កូវីដ-១៩។
កសិករភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង លើកឡើងថាឆ្នាំនេះផលដំណាំប៉ិកួៈ ទទួលបានផលល្អ ។ ចំពោះទីផ្សារក៏មានហាងឆេងល្អជាងឆ្នាំមុនៗដែរ។
ស្ត្រីឈ្មោះ ឈិន លៀង បានរៀបរាប់ថា គាត់ដាំប៉ិកួរយៈពេលជាង១០ឆ្នាំមកហើយ ដោយឃើញថាប៉ិកួៈនេះ ងាយដាំថែទាំ និងបានផលល្អ។ បើទោះធ្លាក់ថ្លៃថោកយ៉ាងណា ក៏មានទីផ្សារទទួលទិញដែរ។
ឆ្នាំនេះតម្លៃប៉ិកួៈក្នុងមួយគីឡូក្រាមលក់បានពី៧០០រៀល ទៅ១.០០០រៀល។ បើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ិកួៈក្នុងមួយគីឡូក្រាម លក់បានតែតម្លៃ៥០០ទៅ៦០០រៀលប៉ុណ្ណោះ។ប៉ិកួៈឆ្នាំនេះមានតម្លៃសរម្យដែលអាចជួយឲ្យជីវភាពក្រុមសារបានធូរធារ។
អ្នកស្រីឈិន លៀង បានប្រាប់ពីចំណុចពិសេសក្នុងការដាំថា ដើម្បីទទួលបានទិន្នផលខ្ពស់ ត្រូវការជ្រើសរើសរកពូជណាដែលល្អ ហើយទុកពូជដោយខ្លួនឯង មុននឹងដាំត្រូវភ្ជួរាស់ដីពីរទៅបីដង ហាលដីចោលមួយសប្តាហ៍ ឲ្យបានស្អាតល្អ ហើយលើកជារង ទើបដាក់គ្រាប់ដាំ រួចដាក់ជីរធម្មជាតិ ជីរលាមកគោ ថែទាំស្រោចទឹក ជ្រុំគល់ដកស្មៅ និងកាត់ត្រួយខ្ចីៗចោលចំនួនពីរបីដង ដើម្បីអោយមើមវាឆាប់ធំបានល្អ ថែទាំរយៈពេលបីខែចាប់ប្រមូលផលបានហើយ ។
លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី បាននិយាយថា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សាមគ្គីមានប្រមាណ១.៤០០គ្រួសារ។ ប្រជាពលរដ្ឋដែលប្រកបមុខរបរដាំប៉ិកួៈលក់មានចំនួន២ភូមិ គឺភូមិកោះខនឌិន និងភូមិខេតាមដងទន្លេមេគង្គ។ មានអ្នកប្រកបមុខរបរដាំប៉ិកួៈលក់ជាង២០គ្រួសារ ។
អ្នកភូមិភាគច្រើននិយមធ្វើស្រែចំការនេសាទត្រីចិញ្ចឹមសត្វ និងដាំដំណាំដូចជាស្វាយកែវរមៀត, ស្វាយចន្ទី, ដំឡូងមីជាដើម។
លោកចៅសង្កាត់សាមគ្គីបានលើកឡើងថា ប្រជាពលរដ្ឋក្រីក្រដែលធ្លាប់តែចំណាកស្រុកទៅប្រទេសជិតខាងកន្លងមកបន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ ឥឡូវនេះពុំមានអ្នកចំណាកស្រុកទៀតទេ ហើយនាំគ្នាងាកមកដាំប៉ិកួៈលក់វិញម្ដង៕