ដោយ: មុនីរ័ត្ន / ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យ ធម្មនុញ្ញភាព ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំអគារស វិមានរដ្ឋចំការមន។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអនុម័តជាឯកច្ឆន្ទដោយចំនួន ០៩ សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូលថា ច្បាប់ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលរដ្ឋសភាបានអនុម័តនៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំ លើកទី៥ នីតិកាលទី៦ និងព្រឹទ្ធសភាបាន ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ ក្នុងសម័យ ប្រជុំលើកទី៦ នីតិកាលទី៤ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្របនឹងរដ្ឋធម្មនុញ្ញ ។
សេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ត្រូវបានអនម័ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា បាននិងកំពុងមានសន្ទុះរីកចម្រើនយ៉ាងស្វាហាប់។ បច្ចុប្បន្នការគ្រប់គ្រងនិងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្ថិតក្រោមសមត្ថកិច្ចរបស់និយ័តករចំនួនពីរគឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ្រប់គ្រងលើវិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និង វិស័យអចលនវត្ថុ វិស័យបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន) និងគណៈកម្មការមូលបត្រកម្ពុជា (គ្រប់គ្រងលើវិស័យមូលបត្រ)។ នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម សេវានិងផលិតផលហិរញ្ញវត្ថុថ្មីៗត្រូវបានបង្កើតឡើងដោយបញ្ញត្តិករហិរញ្ញវត្ថុកម្ពុជា ដែលធ្វើឱ្យកម្ពុជាត្រូវប្រឈមនឹងការលំបាកក្នុងការកំណត់ដែនសមត្ថកិច្ចរបស់បញ្ញត្តិករហិរញ្ញវត្ថុនីមួយៗ។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា ក្នុងន័យនេះ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងដោយយល់ឃើញពីសារៈសំខាន់នៃការច្របាច់បញ្ចូលគ្នាជានិយ័តករវិស័យហិរញ្ញវត្ថុមិនមែនធនាគារនេះ រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនេះឡើង ដើម្បីធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រងនិងត្រួតពិនិត្យវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និង វិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងគោលបំណងដើម្បីពង្រឹងនិងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់គុណប្រយោជន៍ជាច្រើនរួមមាន ១) ឆ្លើយតបនឹងការវិវឌ្ឍនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលទាមទារឱ្យមានការពង្រឹងយន្តការស្ថាប័ន។ ២) បញ្ញត្តិករតែមួយអាចមើលឃើញពីទិដ្ឋភាពរួម និងអាចធានាបាននូវសង្គតិភាពនៃការដាក់ចេញបទប្បញ្ញត្តិនិងអាចកាត់បន្ថយភាពចន្លោះប្រហោងក្នុងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងពិពិធកម្មសេវាហិរញ្ញវត្ថុថ្មីៗ។ ៣) បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិស័យនីមួយៗ តាមរយៈការបែងចែកព័ត៌មាននិងការសម្របសម្រួលក្នុងការដាក់ ចេញបទប្បញ្ញត្តិឆ្លងវិស័យ និង ៤) អាចកាត់បន្ថយចំណាយនានា តាមរយៈការទាញយកអត្ថប្រយោជន៍ពីសហថាមពលនៃការដាក់ស្ថាប័ននិយ័តករឱ្យស្ថិតនៅក្រោមបញ្ញត្តិករតែមួយ ដើម្បីធានាបាននូវស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុទាំងមូល៕