ដោយ: មុនីរ័ត្ន / ភ្នំពេញ: បន្ទាប់ពីបានធូរស្បើយ លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ រឿងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។
លោក កង គឹមហាក់ និងសហការី ដែលជិះម៉ាក ហៃលុចរីវ៉ូ ពណ៌ស ត្រូវរថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បុកកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
របាយការណ៍កងរាជអាវុធហត្ថស្រុកក្រឡាញ់បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ.លឿង ពាក់ផ្លាកលេខ តាកៃវ ៣A.២៩២៦ បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត។ រថយន្ត បានបុកម៉ូតូមួយគ្រឿងពីក្រោយម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FZ.១៧៨៦ បើកបរដោយ ឈ្មោះ ហុំ គិមស៊ីន ភេទស្រី អាយុ ៣៣ឆ្នាំ នៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
របាយការណ៍បន្តថា ក្រោយបុកម៉ូតូហើយ ក៍បានជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក ហៃលុចរីវ៉ូពណ៍ស ដែលកំពុងឈប់នៅចិញ្ចើមផ្លូវខាងស្ដាំបែរក្បាលទៅទិសខាងកើត ពាក់ស្លាកលេខ ភ្នំពេញ២AC.១៤១៦ ម្ចាស់រថយន្ត ឈ្មោះ ឡម សុផល ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ពេលបុករថយន្តចតស្ងៀមហើយ រថយន្តធុនធំបានរេចង្កូតទៅឆ្វេងដៃបុកប៉ះជាមួយរថយន្ត masda មួយគ្រឿងទៀត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២.BT .២៩៨៨ បើកបរដោយឈ្មោះ ឡឹក ស៊ីនួន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានអ្នករួមដំណើរជាមួយ៤នាក់ផងដែរ។
ជនរងគ្រោះ ទី១. ឈ្មោះ សុខ ម៉េងស៊ឹម ភេទប្រុស ៤៦ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២. ឈ្មោះយេន សាំងសានុត ភេទប្រុស អាយុ ៣៩ឆ្នាំ ។ ទី៣. ឈ្មោះកង គឹមហាក់ ភេទប្រុសអាយុ ៤៦ឆ្នាំ ។ ទី៤. ឈ្មោះ សម សែន អាយុ៤៦ឆ្នាំ អ្នកទាំង៣ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តធុនធំខាងលើបានចុះរត់គេចខ្លួនបាត់។
បន្ទាប់ពីសមត្ថកិច្ចវាស់វែង រថយន្តស៊ីរ៉ែន៦១០បានដឹកជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យ។ ចំណែកវត្ថុតាងម៉ូតូ១ គ្រឿង និងរថយន្ត ៣គ្រឿង យកទៅរក្សាទុកនៅអធិការស្រុករង់ចាំដោះស្រាយ។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបររថយន្តធុនធំ បើកបរមានល្បឿនលឿន៕