ដោយៈម៉េងឆៃ/ ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែធ្នូ ម្សិលមិញទាំងក្នុងទំព័រហ្វេសប៊ុកផ្លូវការក៏ដូចជាក្នុងសារពិសេសផ្ទាល់មាត់សម្តេចតេជោបានប្រកាសពីការចាប់ផ្តើមផលិតប្រេងតំណក់ដំបូង នៅតំបន់ប្លុកអេ( A) ក្នុងដែនសមុទ្រកម្ពុជាក្រោយទន្ទឹងរង់ចាំអស់ពេលដ៏យូរកន្លងមក។ តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានគឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ នាថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
បន្ទាប់ពីឃើញសំណេរនៅក្នុងផេកនិងប្រសាសន៍របស់សម្តេចតេជោរួច បណ្តាញសារព័ត៌មានគ្រប់ប្រភេទនៅកម្ពុជាបានផ្សព្វផ្សាយយ៉ាង គគ្រឹកគគ្រេងនូវដំណឹងដ៏គួរឲ្យរីករាយនិងជាទីមោទនភាពក្រៃលែងនេះ។ទន្ទឹមនោះក៏មានសារអបអរនិងប្រសិទ្ធពរពីមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធអាជ្ញាធរគ្រប់ជាន់ថ្នាក់ប្រជាពលរដ្ឋគ្រប់ទិសទីជូនចំពោះសម្តេចតេជោហ៊ុនសែនជូនចំពោះរាជរដ្ឋាភិបាលដែលសម្រេច បង្កើតបានសមិទ្ធផលជាប្រវត្តិសាស្ត្រ។
សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា”ខ្ញុំព្រះករុណាខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជានៅតំបន់ប្លុកAឈូងសមុទ្រកម្ពុជាដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energyដែលជាប្រតិបត្តិករ នៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ការបំពាក់គ្រឿង សម្ភារនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ”។
សម្តេចតេជោបានរលឹកថា កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevronបានប្រកាសរកឃើញ ជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មដើម្បីស្នើសុំ រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ប៉ុន្តែដោយ ការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ចនិងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញដើម្បីឲ្យមាន សង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផងនិងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។
ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីនិងគម្រោងផែនការអភិវឌ្ឍន៍និងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍន៍ផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបបានបង្ហាញទៀតថាហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ ដំឡើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅ កោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩និងបានបញ្ចប់ នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។
• កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសិង្ហបុរីនិងបានដឹកមក ដល់និងដំឡើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា២០២០ ។
អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះមានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជាមិនមានការត្រួតស៊ីគ្នាជាមួយថៃទេ។
សម្តេចតេជោបានសង្កត់ធ្ងន់ថានេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖ចំណូលថវិកាជាតិផលសេដ្ឋកិច្ចទទួល បានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិមិនមែនជា បណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។
កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ចូលឆ្នាំសកលថ្មី ២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មីសមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១ តទៅ។
ជាមួយនឹងការប្រកាសដំណឹងជាទីរីករាយនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាចំណូល ដែលបានមកពីប្រេងនឹងប្រើប្រាស់ ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល។
ពិតណាស់!សមិទ្ធិប្រេងគឺមិនមែនកើតឡើងដោយការអភិនិហាដូចក្នុងរឿងព្រេងនិទានទេ។តែនេះគឺដោយសារសន្តិភាព ស្ថិរភាពនិងភាពប៉ិនប្រសប់របស់ប្រមុខដឹកនាំនៃកម្ពជា។នោះគឺបុរសខ្លាំង សម្តេចតេជោសែននិងគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោយកជីវិតទៅប្តូរកាលពី២ទសវត្សមុនដើម្បីយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ។សង្គ្រាមកម្ពុជាដែលកើតឡើងតាំងពីឆ្នាំ១៩៧០ត្រូវបានបញ្ចប់ជាស្ថាពរក្រោមនយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨។ការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជាត្រូវបានរាប់ចាត់តាំងពីថ្ងៃដែលមេដឹកនាំកំពូលរបស់ខ្មែរក្រហម មកចចារជាមួយសម្ដេចដល់ផ្ទះនាថ្ងៃ២៩ខែធ្នូឆ្នាំ១៩៩៨។
ធនធានប្រេងដែលកម្ពុជាទទួលបាននេះមានតម្លៃក្នុងការពង្រឹងសមត្ថភាពជាតិយើង ឲ្យកាន់តែរឹងមាំ រុងរឿងថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
តំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រនេះ ធ្វើឲ្យប្រជាជនកម្ពុជាយើង មានក្តីសង្ឃឹមថា នឹងក្លាយជាធនធានដ៏មានតម្លៃដើម្បីបម្រើដល់ ការអភិវឌ្ឍ ការកសាងជាតិ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នេះជាប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃជោគជ័យរបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាម ដោយនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ «ឈ្នះឈ្នះ» ( ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០ ) របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
សមិទ្ធផលថ្មីនៃនយោបាយឈ្នះឈ្នះនេះបានបង្ហាញយ៉ាងច្បាស់ថាក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលមិនត្រឹមតែធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញប៉ុណ្ណោះទេប៉ុន្តែបានកសាងនិងផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិឲ្យចូលរួមបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យសម្បូររុងរឿង។
តំណក់ប្រេងលើកដំបូង ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនេះ ក៏ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ លើវិស័យឧស្សាហកម្មប្រេងកាត ជាសក្តានុពលមួយ ដែលនាំឲ្យប្រទេសកម្ពុជា កាន់តែរីកចម្រើន សុខដុមរមនាទោះបីនៅក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ១៩ ក៏ដោយ៕សរន