ប្រែសម្រួល : កញ្ញាដាលីស ៖ ក្របខ័ណ្ឌ Premier League បាននិយាយកាលពីថ្ងៃអង្គារទី ២៩ ធ្នូថា មនុស្សចំនួន ១៨ នាក់បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩នៅក្នុងការធ្វើតេស្តិ៍ចុងក្រោយបំផុតដែលធ្វើឡើងរវាងថ្ងៃទី ២១ និង ២៧ ធ្នូលើកីឡាករនិងបុគ្គលិកចំនួន ១.៤៧៩ នាក់។
នេះគឺជាចំនួនករណីឆ្លងខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុងមួយសប្តាហ៍នៃរដូវកាលនេះ។
ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើម មនុស្ស ១៣១ នាក់នៅក្នុងលីកកំពូលអង់គ្លេសបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តិ៍ ១៧ ជុំ។
លីកកំពូលអង់គ្លេសមិនបានប្រាប់ឈ្មោះមនុស្សដែលបានធ្វើតេស្តិ៍វិជ្ជមានឬក្លិបរបស់ពួកគេនោះទេប៉ុន្តែនិយាយថា ពួកគេនឹងធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ។
កាលពីថ្ងៃចន្ទ ក្រុម Manchester City បានរាយការណ៍ពីករណីវិជ្ជមានជាច្រើននៅក្នុងក្រុមរបស់ពួកគេ គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីខ្សែប្រយុទ្ធហ្គាព្រីល យ៉េស៊ូសនិងខ្សែការពារ ខាយ វ៉កឃើបានធ្វើតេស្តិ៍វិជ្ជមាន ដោយបង្ខំឱ្យលីកពន្យារពេលការប្រកួតរបស់ពួកគេនៅឯទឹកដីរបស់ Everton ។
ទីលានហ្វឹកហាត់របស់ Man City ក៏ត្រូវបានបិទផងដែរដើម្បីជាការប្រុងប្រយ័ត្ន ហើយការប្រកួតបន្ទាប់របស់ពួកគេនៅឯទឹកដីរបស់ក្រុមតោខៀវ Chelseaនៅថ្ងៃអាទិត្យនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយលោក ហ្វ្រែង ឡាំផាត គ្រូបង្វឹករបស់ក្រុមតោខៀវ និយាយថា ការប្រកួតនឹងមិនប្រព្រឹត្តទៅបានទេ ប្រសិនបើវាមិនមានសុវត្ថិភាពសម្រាប់ក្រុមទាំងពីរ៕
មនុស្ស១៨នាក់តេស្តិ៍វិជ្ជមានកូវីដ១៩នៅក្របខ័ណ្ឌ Premier League ក្នុងរយៈពេលមួយសប្តាហ៍