ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ នៅសល់តែ ១ ថ្ងៃទៀតទេ ឆ្នាំ២០២០ នេះ នឹងត្រូវឆ្លងចូលឆ្នាំ២០២១ ហើយ បើនិយាយពី views បទចម្រៀងរបស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀង វ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំ វ៉ាដាច់គេទាំងអស់ មានអ្នកចូលទស្សនា សរុបរហូតដល់ទៅ ៥២៥ លានដង (525M) ។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិច លើផេកផ្លូវការ របស់ផលិតកម្ម Galaxy Navatra។
ផ្អែកតាមរបាយការណ៍ ពីផេកផ្លូវការរបស់ ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀង ក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេ នៅកម្ពុជា នៅឆ្នាំ២០២០ នេះ មានរហូតដល់ទៅជាង ៥២៥ លានដង ឯណោះ ។
ក្នុងចំណោមបទល្បីៗ របស់នាង គេឃើញបទ “ឡានសារ៉ែន” បានឈរនៅលេខរៀងទី១ ដោយមានអ្នក views រហូតដល់ទៅ 31.90M ត្រឹមតែ ១០ ខែ លេខរៀងទី២ បទ “ដណ្ដឹងអូនទៅ” មានអ្នក views រហូតដល់ទៅ 29.80M ត្រឹមតែ ៩ខែ លេខរៀងទី៣ បទ “ចង់សុំ Wifi ” មានអ្នក views រហូតដល់ទៅ 25.00M ត្រឹមតែ ៥ខែប៉ុណ្ណោះ។
តាមការវាយតម្លៃរបស់លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ ផលិតកម្ម Galaxy Navatra នៅឆ្នាំ២០២១ តន់ ចន្ទសីម៉ា នឹងឈរលំដាប់កំពូលបន្តទៀត ហើយ views បទចម្រៀងរបស់នាង នឹងកើនឡើង ដល់ទៅ ១.០០០ លានដង ដែលចំនួននេះ គឺពិបាកនឹងមានតារាចម្រៀងរូបណា អាចដណ្ដើមតំណែងនាងបាននោះឡើយ នេះបើផ្អែកតាមសន្ទុះ នៃការគាំទ្រ បទពិសោធន៍ ភាពរីកចម្រើនរបស់នាង។
បែបណាក្ដី អ្នកគាំទ្រ ក៏ដូចជា អ្នកសិល្បៈទាំងអស់ កំពុងតែចាំមើល ថាតើអាចមានតារាចម្រៀងណា ដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ! ៕/V