ដោយៈ បូកគោ / កំពតៈ មុននឹងសម្រេចកំណត់ ហេដ្ឋារចនាសម្ព័ន្ធដាក់ក្នុងប្លង់គោល នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ មន្ត្រីជំនាញសុរិយោដី និងមន្ទីរពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរ ភូមិឃុំសង្កាត់ ត្រូវរួមសហការ ចុះពិនិត្យ រួចសិក្សាឱ្យបាន ដល់ភូមិសាស្ត្រជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងរក្សាបាននូវកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាពនាពេល ខាងមុខ ។
លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ នៅពេលរដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំ ឆ្លងគណៈកម្មាធិការ រៀបចំដែនដីនគរូបនីយ កម្មខេត្ត ស្ដីពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្លង់គោល នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ សម្រាប់សង្កាត់ត្រើយកោះ ក្រុងកំពត ។
ក្នុងកិច្ចប្រជុំនោះ លោកជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការងារវាស់ វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅចេញ ប័ណ្ណកម្មសិទ្ធិ ជាកិច្ចការចាំបាច់ និងមាន សារសំខាន់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការប្រើប្រាស់ដី ឱ្យអស់សក្តានុពលពិសេស ងាយស្រួល ក្នុងកិច្ចអភិវឌ្ឍមូលដ្ឋាន ភូមិឃុំសង្កាត់ទៀតផង។ រាល់ការកំណត់ហេដ្ឋា រចនាសម្ព័ន្ធ ក្នុងប្លង់គោលសុរិយោដី សម្រាប់ការចុះបញ្ជី លក្ខណៈជាប្រព័ន្ធ គឺគ្រប់មន្ត្រី ជំនាញ និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មិនអាចសម្រេចយក តាមប្លង់គូរនៅលើតុតាម តែគោលការណ៍ របស់ស្ថាប័ន ឬមន្ទីរខ្លួននោះទេ។
លោកអភិបាលខេត្ត បានក្រើរំលឹកថាៈ គ្រប់ជំនាញពាក់ព័ន្ធ ត្រូវចុះទៅពិនិត្យដល់ទីតាំង ភូមិសាស្ត្រជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងធានាដល់ ការអភិវឌ្ឍប្រកបដោយ ចីរភាពនាថ្ងៃមុខ។ តំបន់វិនិច្ឆ័យទាំងនោះ ស្ថិតនៅក្នុងក្រុងដែលអនាគតនឹងក្លាយលំនៅ ស្ថាន ឬមជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចផ្សេងៗ។ ដូច្នេះ គ្រប់មន្ត្រី ក្នុងដែសមត្ថកិច្ចត្រូវចុះ ពិនិត្យ ឱ្យបានលម្អិតបំផុត។
លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានបញ្ជាក់ថាៈ ការកំណត់ប្លង់គោល ហេដ្ឋារចនាសម្ព័ន្ធ ក្នុងដំណាក់កាល នៃការចុះបញ្ជី លក្ខណៈជាប្រព័ន្ធ ពិតជាស្មុគស្មាញ និងមានផលប៉ះពាល់មួយចំនួន។ ប៉ុន្តែកិច្ចការនេះ អាចបង្កលក្ខណៈងាយស្រួល សម្រាប់អនាគត។ ដើម្បីឱ្យការបិទផ្សាយបានដោយ ជោគជ័យ រដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវប្រកាន់យកផ្លូវកណ្តាលពោលគឺប្រជា ពលរដ្ឋ អាជ្ញាធរ និងក្រុមការងារ ទទួលយកបានដូចគ្នា។
លោកប្រធានមន្ទីរ បានបន្តថាៈ តាមទិន្នន័យវាស់វែង ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត គឺមាន ១.០៥១ ក្បាលដី លំនៅស្ថាន ៨១៩ ក្បាលដី និងដីកសិកម្ម ២១៧ ក្បាលដី។ ជាមួនោះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹកមានចំនួន៣៩ខ្សែ៕/V-PC