ដោយៈ សុខ សុភ័ណ្ឌ / កំពង់ស្ពឺៈ នារីពីរនាក់ និងបុរសម្នាក់ បានស្លាប់នៅក្នុងរថយន្តក្រុងដឹកអ្នកដំណើរ និងបុរស បីនាក់ បានរងរបួសធ្ងន់ ដោយសាររថយន្តដឹកថ្ម បុករថយន្តក្រុង ដឹកអ្នកដំណើរ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៥និង១០៦ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងជាង ១ រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
សមត្ថកិច្ចមូលដ្ឋាន បានផ្ដល់ព័ត៌មានឱ្យដឹងថាៈ រថយន្តម៉ាក ហ្វ៊ុយហ្សូ (FUSO) ពណ៌ខៀវ ពាក់ផ្លាកលេខ ខេមរភូមិន្ទ ០១ 3-2869 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១ 4A-2869 អ្នកបើកបរឈ្មោះ ចាន់ ទី ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្បែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកពីទិសខាងលិច ទៅខាងកើត លុះដល់ចំណុចខាងលើ បានរេចង្កូតទៅកៀរ រថយន្តម៉ាក KIA ពណ៌លឿង ពាក់ផ្លាកលេខ សៀមរាប 3A-1240 (ប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ) អ្នកបើកបរពុំទាន់ ស្គាល់ឈ្មោះ និងអាស័យដ្ឋាន (បានចុះរត់គេចខ្លួនបាត់) ដែលកំពុងបើកបរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យនារី ពីរនាក់ៈ ១.ឈ្មោះ ផេន ណារ៉ា អាយុ២២ឆ្នាំ រស់នៅភូមិស្រែប្រាំ ឃុំត្រពាំងស្រុក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ , ២.ឈ្មោះ ជា ស្រស់ អាយុ២៦ឆ្នាំ រស់នៅភូមិសែនអភិវឌ្ឃន៍១ ឃុំទីពីរ ស្រុកសន្ទុក ខេត្តកំពង់ធំ និង៣. ឈ្មោះ ហេង វណ្ណៈ ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិទី១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ទាំង បីនាក់ ដែលជាអ្នកដំណើរ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងរថយន្តក្រុងដឹកអ្នកដំណើរ។ ចំណែកបុរសបីនាក់ បានរងរបួសធ្ងន់ (ក្នុងនោះមួយនាក់ ជាអ្នកបើកបរ រថយន្ត FUSO និងពីរនាក់ទៀត ជាអ្នករួម ដំណើរក្នុងរថយន្តក្រុង មិនទាន់ស្គាល់ឈ្មោះ និងអាស័យដ្ឋាន) ។
ប្រភព បានបន្តថា អ្នករងរបួសធ្ងន់ ទាំងបីនាក់ បានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។ ឯសពជនបានប្រគល់ជូនក្រុមគ្រួសារ។ វត្ថុតាង រថយន្តទាំងពីរគ្រឿង ត្រូវបានស្ទួច និងអូសយកមករក្សាទុក នៅអធិការដ្ឋាន រង់ចាំដោះស្រាយ នៅពេលក្រោយ ៕/V-PC