ដោយៈ ប.ខុន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាកម្ពុជា យល់ព្រមផ្តល់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ២០(ម្ភៃ) ហិកតា ដើម្បីរៀបចំសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ តាមសំណើសុំ របស់រដ្ឋបាល រាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានជម្រាបជូនរដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១១០០ សជណ. មយ អំពីករណីសំណើ សុំផ្ទៃដីបឹងតាមោក (កប់ស្រូវ) ទំហំ ២០ (ម្ភៃ) ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរៀបចំសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ។
នៅក្នុងលិខិត ដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរ យោងលិខិត ០៦៦/២០ លស.គ ចុះថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ , លិខិតលេខ៦៥០ខន /០២០ សជណ ចុះថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ចុះ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
សម្តេចតេជោ កាត់ដីបឹងតាមោក ២០ ហិកតា សង់សាខាមន្ទីរពេទ្យកាល់ម៉ែត
ក្នុងលិខិត បញ្ជាក់ថា ករណីខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន ឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាល បានយល់ព្រមផ្តល់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ២០ (ម្ភៃ) ហិកតា ស្ថិតនៅទល់មុខទីតាំង អគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមានគំនូសប្លង់បង្ហាញទីតាំង និងតារាងនិយាមកាភ្ជាប់ជាមួយ ជូនក្រសួងសុខាភិបាល ដើម្បីរៀបសំសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត។
រំលឹកឱ្យដឹងថា បឹងតាមោក (បឹងកប់ស្រូវ) ត្រូវបានកំណត់ ដោយអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតក្នុង រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈ របស់រដ្ឋ តាមប្រព័ន្ធកូអរ ដោណេ Project UTM Zon 48N Datum WGS 1984 ៕/V
សម្តេចតេជោ កាត់ដីបឹងតាមោក ២០ ហិកតា សង់សាខាមន្ទីរពេទ្យកាល់ម៉ែត
គំនូសប្លង់បង្ហាញទីតាំង និងតារាងនិយាមកាភ្ជាប់ជាមួយ ជូនក្រសួងសុខាភិបាល ដើម្បីរៀបសំសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត