ដោយៈ សរិទ្ធ / ភ្នំពេញៈ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាក់ថាៈ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ តារាចម្រៀង ផលិតកម្ម រស្មីហង្សមាស លោក នៅ ស៊ីនឿន ត្រូវបានតុលាការ សម្រេចឃុំខ្លួននៅមណ្ឌលអប់រំ កែប្រែទី១ តាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញក្រោមការចោទ ប្រកាន់ពីបទ ៖ «គំរាមកំហែងថា នឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់ កាប់អចលវត្ថុ ដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំភូមិព្រែកតាឡុង ទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។
បន្ទាប់មក នៅរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយទទួលបាន ការសម្របសម្រួល ទើបសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាសម្រេច អនុញ្ញាតឲ្យនៅក្រៅឃុំ បណ្ដោះអាសន្នវិញ ដោយសំអាងហេតុ ៨ ចំណុច។
ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាក់ទៀតថាៈ “រហូតមកដល់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ លោក នៅ ស៊ីនឿន ក៏បានមកជួបពិភាក្សា ជាមួយ ខ្ញុំបាទ ហេង ឡុង ក្នុងនាមជា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដើម្បីស្វែងរក ពឹងពាក់ មេធាវីស្ម័គ្រចិត្តរបស់សមាគម ក្នុងការការពារសិទ្ធិ និងជួយរកយុត្តិធម៌ជូនគាត់ តាមផ្លូវច្បាប់ ។ លោក នៅ ស៊ីនឿន បានបញ្ជាក់ថា ទីតាំងដែលលោក បានចូលរស់នៅ តាំងពីឆ្នាំ២០០៩ ប៉ុន្តែឆ្នាំ២០១៣ ទើបលោក បានដាក់ពាក្យស្នើ សុំកាន់កាប់ប្រើប្រាស់ដីធ្លី ពីអាជ្ញាធរ។ ករណីនេះ លោក កំពុងពិភាក្សា និងពិគ្រោះយោបល់ ជាមួយមេធាវី និងក្រុមការងារ ផ្នែកច្បាប់ ដើម្បីការពារ និងជួយរកយុត្តិធម៌ តាមផ្លូវច្បាប់ ” ៕/V-PC