Home ព័ត៌មានសំខាន់ៗ ព្រះមហាក្សត្រ...

ព្រះមហាក្សត្រ​ចូលរួម​អបអរ​តំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចូលរួម​អបអរ​នឹង​តំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា ។ ព្រះករុណា​ព្រះអង្គ បាន​ថ្លែង​ការអបអរ​នេះ​តាមរយៈ​ព្រះរាជ​សារលិខិត​មួយច្បាប់​ផ្ញើរ​ជូន សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅថ្ងៃនេះ ។

​ព្រះមហាក្សត្រ​បានសរសេរថា “ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ សូម​ចូលរួម​អបអរ សាទរ​សមិទ្ធផល​បើក​ទំព័រ​ប្រវត្តិសាស្ត្រ ថ្មី ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​តំណក់ ប្រេង​លើកដំបូង ស្របពេល​ថ្ងៃ​ខួប​អនុស្សា វ​រី​យ៍​លើក​ទី ២២ នៃ​ការអនុវត្ត​ដោយ​ជោគជ័យ នយោបាយ​ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សន្តិភាព ពេញបរិបូរណ៍ និង​ឯកភាព​ជាតិ ដ៏​ពេញលេញ “ ។​

​ព្រះករុណា​ក៏បាន​សព្វព្រះរាជហឫទ័យ​បន្តថា ការទទួលបាន​តំណក់​ប្រេង​លើកដំបូង​នេះ ជាការ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី សំរាប់ ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អភិវឌ្ឍ លើ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត ដែលជា​សក្តានុពល​មួយ​នាំឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​រីក​យ​ម្រើ​ន និង​ជឿនលឿន​ជា​បន្តទៀត ។​

​ព្រះអង្គ​បានបញ្ជាក់​ថា “​ខ្ញុំ​សូម​កោតសរសើរ​ដ៏​កក់ក្តៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ បាន​ដឹកនាំ​ប្រទេស ជាតិ ប្រកបដោយ​គុណបំណាច់​ដ៏​ថ្លៃថ្លា វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ជា​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម ដឹកនាំ ប្រទេស​ប្រកបដោយ​គតិបណ្ឌិត​ធ្វើឱ្យ​ព្រះរាជាណាចក្រ កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព​សង្គម និង​ការអភិវឌ្ឍ​ជាតិ រីកចម្រើន​លើ​គ្រប់​វិស័យ “ ។​

​នាឱកាស​នោះ ព្រះមហាក្សត្រ​ព្រះអង្គ​ក៏បាន​ប្រសិទ្ធិ​ពរ ជូនពរ សម្តេច​អគ្គមហាសេនាបតី តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង ក្រុមគ្រួសារ​សូម​ទទួលបាន​នូវ​មហា​ជោគជ័យ ថ្មីៗ​ថែមទៀត ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា និង​សូម​បាន ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ ឃ្លាត​ឡើយ ។ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀង​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular