Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ទ...

រដ្ឋមន្ត្រី​ទេសចរណ៍​៖ ភ្ញៀវទេសចរ​អាច​ដើរ​កម្សាន្ត​បាន​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល តែ​ត្រូវ​អនុវត្តតាម​វិធាន​សុវត្ថិភាព

ដោយៈ​សុផល /​ភ្នំពេញ​៖ ខណៈ​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០២០ ឆ្លង​ចូល ២០២១ កំពុង​ខិតជិត មកដល់​នោះ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបញ្ជាក់​ពី​ការអនុញ្ញាត​បើក ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​អាចធ្វើ​ដំណើរ​កម្សាន្ត​វិញ​បាន ប៉ុន្តែ​គ្រប់​ភ្ញៀវទេសចរ ក៏ដូចជា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ពិសេស​គឺ​ត្រូវ​រក្សា គម្លាត​សុវត្ថិភាព​ពីគ្នា​ជា​ចាំបាច់​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​អនុញ្ញាតឱ្យ​ដើរ​កម្សាន្ត​វិញ​បាន ប៉ុន្តែ​សម្រាប់តែ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប៉ុណ្ណោះ គឺ​គ្មាន​ការទទួល​ភ្ញៀវទេសចរ មកពី​ក្រៅប្រទេស​ឡើយ ប៉ុន្តែ​ដាច់ខាត​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ម៉ឺងម៉ាត់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ហើយ​កុំ​ភ្លេច​ឱ្យសោះ​នូវ ការរក្សា​គម្លាត​សុវត្ថិភាព​»​។​

​បើតាម​លោក​រដ្ឋមន្ត្រី ថោង ខុន ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​អាច​ចេញ​ធ្វើដំណើរ កម្សាន្ត​នៅតាម​គ្រប់​គោលដៅ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ទាំង​ទីក្រុង ទីប្រជុំជន និង​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ សហគមន៍​ទេសចរណ៍ តំបន់​អេកូ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ជាដើម​។​ ​ចំពោះ​ការអនុវត្ត​ការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ចំពោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គ្រប់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ទាំងអស់ ត្រូវធ្វើ​ឱ្យបាន​ល្អប្រសើរ​ជាង​ការអនុវត្ត​កាលពីមុន​ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង​ព្រឹត្តិការណ៍​សង្គម ២៨ វិច្ឆិកា​។ នេះ​បើតាម​ការបន្ថែម​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​គួរ​ជម្រាប​ថា ទោះបី​ស្ថិតក្នុង​ដំណាក់​វិបត្តិ​កូ​វីដ​-១៩ សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​បាន បង្ហាញ​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើបឡើង​ដ៏​ឆាប់រហ័ស (​លើកលែងតែ​ក្នុង​រយៈពេល​នៃ​ព្រឹត្តិ ការណ៍​សហគមន៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា​) ដែល​បាន​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍ កម្ពុជា​មួយផ្នែក​ផងដែរ ជាពិសេស​បាន​ជួយ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយចំនួន បាន​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​បាន បង្កើត​ប្រាក់ចំណូល​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​ទន្ទឹមនឹងនេះ ក៏មាន​ការកើតឡើង​នូវ​គោលដៅ​ទេសចរណ៍​ថ្មីៗ​ជាច្រើន ដែលមាន​លក្ខណៈ ច្នៃប្រឌិត (Creative and Innovative) ពិសេស​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ការកែ ច្នៃ​បែ​បក​សិ​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ​បន្ថែម​ពីលើ​គោល ដៅ​ទេសចរណ៍​ដែលមាន​ស្រាប់​នានា​ជាច្រើន​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​។​

​តាម​ការព្យាករណ៍​បឋម​របស់​ក្រសួងទេសចរណ៍ នៅក្នុង​ឆ្នាំ​២០២០​នេះ​ចំនួន​ភ្ញៀវទេសចរ ផ្ទៃក្នុង (​ទេសចរ​ជាតិ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​) នឹងមាន​ចំនួន​ប្រមាណ ៩ លាន​នាក់ ថយចុះ​ប្រមាណ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular