ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានកោះអញ្ជើញ មេដឹកនាំសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងការបង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ” នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ នឹងដឹកនាំដោយលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតអញ្ជើញ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងជាប្រធានសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ លោក ញឹក ប៊ុនឆៃ ប្រធានគគណបក្សខ្មែររួបរួមជាតិ និងជាអនុប្រធានសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ និងលោក គុជ លី ប្រធានស្តីទី គណបក្សខ្មែរតែមួយ និងជាអគ្គលេខាធិការ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចូលរួមកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងការជូនដំណឹង មកក្រសួងមហាផ្ទៃ អំពីការបង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ” តាមរយៈលិខិតចុះ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំអគារ “S” ទីស្តីការក្រសួងមហាផ្ទៃ ដោយកិច្ចប្រជុំដឹកនាំ ដោយលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ការអញ្ជើញមេដឹកនាំ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មកប្រជុំនេះ បានធ្វើឡើង បន្ទាប់ពីលោក ម៉ម សូណង់ដូ ប្រធានសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់លិខិតជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពី “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ”។
បន្ទាប់ពីជូនដំណឹង ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ គណបក្សនយោបាយ ចំនួនបី ដែលបានផ្តួចផ្តើមបង្កើត សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺមានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយ របស់លោក កែម រិទ្ធិសិត។ ចំពោះសមាសភាព ក្បាលម៉ាស៊ីនដឹកនាំ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺលោក ម៉ម សូណង់ដូ ជាប្រធានសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន លោក គុជ លី (អនុប្រធានគណបក្សខ្មែរតែមួយ) អគ្គលេខាធិការ។
យោងតាមឯកសារ ស្តីពីគោលការណ៍ណែនាំ ការអនុវត្តខ្លឹមសារ នៃពិធីសាររវាង មេដឹកនាំទាំងបីបក្ស បានបញ្ជាក់ថាៈ គោលបំណង នៃការបង្កើតសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ គឺដើម្បីបណ្តុះគំនិត ជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ។ ហើយគណបក្សទាំងបី គឺមានគោលដៅដូចគ្នា និងរឹតចំណងសាមគ្គីភាព ដើម្បីការធ្វើកិច្ចសហប្រតិបត្តិការ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ រួមគ្នាដោះស្រាយវិបត្តិនានា ក្នុងសង្គមនយោបាយ តាមរយៈខ្មែរ និងខ្មែរ។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មានយន្តការការងារ ចំនួនបី ជាអាទិភាព រួមមានៈ ១. គ្រប់គណបក្សសាមី ត្រូវចុះមូលដ្ឋានរួមគ្នា ដើម្បីពង្រឹង និងពង្រីកសកម្មជនគាំទ្រ គណបក្សសាមីគ្រប់ខេត្តទូទាំងប្រទេស។ ២. ត្រូវបង្កើតការងារបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ ពីវត្ថុបំណងរបស់សម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ។ ៣. ត្រូវបង្កើតក្រុមវាគ្មិន និងអ្នកនាំពាក្យ ដើម្បីតស៊ូមតិគ្រប់រូបភាព ការពារផលប្រយោជន៍រួម។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវរក្សាអត្តសញ្ញាណ គណបក្សសាមីខ្លួនដដែល។ គ្រប់គណបក្សសាមី ជាសមាជិក ត្រូវផ្តល់កិត្តិយស ឲ្យគ្នាទៅវិញទៅមក ដោយមិនប្រកាន់ គណបក្សតូច ឬគណបក្សធំ ជាដាច់ខាត។ បង្កើតភាតរភាពរវាងខ្មែរ និងខ្មែរ ដើម្បីបង្ហាញពីឆន្ទៈ អ្នកនយោបាយខ្មែរគ្រប់ជាន់ថ្នាក់ រួបរួមគ្នាការពារ ផលប្រយោជន៍ សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ។ មិនត្រូវបង្កើតវប្បធម៌ លាបពណ៌ដាក់ខ្មែរគ្នាឯងជាដាច់ខាត៕/V
រូបថតពី ឆ្វេង ទៅ ស្តាំៈ លោក គុជ លី លោកម៉ម សូណង់ដូ (កណ្តាល) និងលោកញឹក ប៊ុនឆៃ
លោក ញឹក ប៊ុនឆៃ