Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ដោ...

សមត្ថកិច្ច ដោះលែង​ម្ចាស់ផ្ទះ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​រថយន្ត ខ្មាន់កាំភ្លើង បាញ់សម្លាប់ នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នេះ សមត្ថកិច្ច បាន​រកឃើញ​ឡាន Lexus RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 2A-4546 តែ​ត្រូវបាន​ដក ផ្លាកលេខ​ចេញ នៅ​ចំណុច​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។ ក្រោយ​ការរកឃើញ​នេះ សមត្ថកិច្ច​បាន​ហៅ​ម្ចាស់ផ្ទះ សួរនាំ ដើម្បី​រក​តម្រុយ​ឃាតករ ដែល​បាន​បាញ់សម្លាប់ លោក រ៉េត ស៊ី​ណែ​ត នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច ក៏បាន​ដោះលែង​ម្ចាស់ផ្ទះ ក្រោយពី​សាកសួរ ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ ម្ចាស់ផ្ទះ​នេះ មិន​ពាក់ព័ន្ធ​ទេ គឺ សមត្ថកិច្ច​អនុញ្ញាត អោយ​ត្រឡប់​ទៅវិញ​ហើយ នៅ​រសៀល​ថ្ងៃ ដដែល​នេះ ។​

​គួររំលឹកថា យោងតាម​របាយការណ៍​របស់ លោក​វរសេនីយ៍ត្រី ជ្រេ​ង ធី នាយប៉ុស្តិ៍​នគរបាល រដ្ឋបាល​កា​កាប​ទី​២ បានអោយដឹងថាៈ លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បើករថយន្ត​បាំង​ពីមុខ​រថយន្ត​ជនបង្ក រួច​ដក​កាំភ្លើងខ្លី ម៉ាក Glock ភ្ជង់​ទៅលើ​រថយន្ត​ភាគី​ម្ខាង​ទៀត ក្នុង​គោលបំណង មិនអោយ​បើក​គេចខ្លួន ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច ។ ក្រោយមក ភាគី​ជនបង្ក បាន​បាញ់ប្រហារ ជាច្រើន​គ្រាប់ ធ្វើអោយ​លោក រ៉េត ស៊ី​ណែ​ត ស្លាប់ នៅ​កន្លែងកើតហេតុ តែម្តង ហើយ​ក្រុម​ជនបង្ក បាន​បើកឡាន​គេចខ្លួន ។ អំពើ​បាញ់ប្រហារ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២ និង ០៥ នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី សហព័ទ្ធ​រុស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​របាយការណ៍ ដដែល​បន្តថា ជនសង្ស័យ​ចំនួន​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បើករថយន្ត​មួយគ្រឿង​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 2A-4546 ។ ចំណែក​ជនរងគ្រោះ ជិះ​រថយន្ត​ម៉ាក Ford Raptor F150 ពណ៌​ស ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BD-3738 ។​

​ដំណើ​រឿង​មួយ​នេះ ត្រូវបាន​រៀបរាប់ ក្នុង​របាយការណ៍​ថាៈ ជនរងគ្រោះ និង​ឈ្មោះ ង៉ាន់ ភី​លីន បាន​ចេញពី​ហាង​ស៊ុប នៅ​ម្តុំ​វត្តភ្នំ ហើយ​ជនរងគ្រោះ បើករថយន្ត​លើ​មហាវិថី សហព័ទ្ធ​រុស្ស៊ី ពី​ខាងកើត មក​ខាងលិច ។ ពេលមកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 2A-4546 ដោយ​នៅក្នុង​រថយន្ត មាន​គ្នា​ចំនួន ៥​នាក់ (​ប្រុស​២​នាក់ ស្រី​២​នាក់ និង ក្មេង​តូច​ម្នាក់​) បាន​បុក​ពីក្រោយ​រថយន្ត Ford របស់​ជនរងគ្រោះ ផ្នែក​ខាងឆ្វេង បណ្តាលអោយ​ខូចខាត ។ ចំណែក​រថយន្ត Lexus RX300 ខូចខាត​ខាងស្តាំ ផ្នែក​ខាងមុខ ។ ពេលនោះ ជនរងគ្រោះ រ៉េត ស៊ី​ណែ​ត បាន​បើករថយន្ត​បាំង ពីមុខ​រថយន្ត Lexus RX300 រួច​ដក​កាំភ្លើង​ខ្លីម៉ាក Glock ភ្ជង់​ទៅលើ​រថយន្ត Lexus RX300 ក្នុង​គោលបំណង មិនអោយ​បើក​គេចខ្លួន ។​
​បន្ទាប់មក ជនបង្ក​ទាំង​២​នាក់ ក៏បាន​ចុះមក​ចរចារ​ជាមួយ​ជនរងគ្រោះ ដោយ​ព្រមព្រៀង​យក​រថយន្ត Ford ទៅ​ជួស​ជុស​នៅ​ម្តុំ​ក្រោយ​ពេទ្យ​លោកសង្ឃ ហើយក៏​បាន​បើករថយន្ត​មក​អែប​ខាង​ទាំងអស់គ្នា ។ ពេលនោះ មនុស្ស​ស្រី​២​នាក់ និង ក្មេង​តូច​ម្នាក់ បាន​ជិះ Pass App ចេញពី​កន្លែងកើតហេតុ​ទៅមុន ។​
​ចំណែក​ជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភី​លីន អង្គុយ​មើល​រថយន្ត Ford ដែល​ខូចខាត ក៏​ស្រាប់តែ​ជនល្មើស ២ នាក់ ដែលជា​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ បាន​ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក ពណ៌​ទឹកប្រាក់ បាញ់​សំដៅ​ជនរងគ្រោះ ពីក្រោយ បណ្តាលអោយ​ស្លាប់ នៅ​កន្លែងកើតហេតុ ។​

​ចំណែក​ជនល្មើស ២​នាក់ បាន​បើកឡាន Lexus RX300 ឆ្ពោះទៅ​ទិស​ខាងលិច តាម​មហាវិថី​សហព័ទ្ធ​រុស្ស៊ី គេចខ្លួន ហើយ​ឈ្មោះ ង៉ាន់ ភី​លីន បាន​ស្ទុះ​មក​មើល ជនរងគ្រោះ ហើយ​ដក​កាំភ្លើង​របស់ ជនរងគ្រោះ ពី​ក្នុង​ហោ​ប៉ាវ​ខាងស្តាំ បាញ់​ចំនួន ៣ គ្រាប់ ឡើង​ទៅលើ ។​

​ជុំវិញ​បញ្ហា​នេះ កា​រិ​យ​ល័យ​បច្ចេកទេស វិទ្យាសាស្ត្រ និង ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​រាជធានី​ភ្នំពេញ បានធ្វើ​កោ​ល​ស្យ​វិច័យ ដោយ​បញ្ជាក់ថា «​ជនរងគ្រោះ​ស្លាប់ ដោយ​អំពើ​ឃាតកម្ម បាញ់សម្លាប់ បង្ក​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ជាមួយគ្នានេះ នា​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ សមត្ថកិច្ច ក៏បាន​រកឃើញ ឡាន Lexus RX300 ដែលជា​របស់​ជនល្មើស ផងដែរ នៅ​ខណ្ឌ​ព្រែក​ព្នៅ តែ​មិនទាន់​ចាប់ខ្លួន​ជនល្មើស បាន​នៅឡើយ​ទេ ៕/V

សមត្ថកិច្ច ដោះលែង​ម្ចាស់ផ្ទះ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​រថយន្ត ខ្មាន់កាំភ្លើង បាញ់សម្លាប់ នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សមត្ថកិច្ច ដោះលែង​ម្ចាស់ផ្ទះ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​រថយន្ត ខ្មាន់កាំភ្លើង បាញ់សម្លាប់ នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular