អុី​ដ​ត​ខូ បង្កើត​គំនិត​ផ្តួចផ្តើម​ទឹកស្អាត​សម្រាប់​សហគមន៍​នៅ​កម្ពុជា​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​សូ​ឡា​ដំបូង​គេ​បង្អស់​

ដោយៈ​សុផល​/ភ្នំពេញ​៖​គម្រោង​បង្គោល​អង់​តែ​ន​ដើម្បី​សហគមន៍​សម្រាប់​ទាញយក​ទឹកស្អាត​នៅ​ខេត្តកំពង់ស្ពឺ ប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ឆ្ពោះទៅរក​បរិស្ថាន​បៃតង​បាននិងកំពុង​អនុវត្ត​។​គម្រោងដែល​មាន​ប្រយោជន៍​ដល់​សហគមន៍នេះ​ ផ្តួចផ្តើម​ដោយ​អុី​ដ​ត​ខូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់​ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។​

​ប្រព័ន្ធ​បូមទឹក​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ​នឹង​បូមទឹក​ចេញពី​ក្រោម​ដី​ហើយ​ផ្ទេរ​ទៅ​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​របស់​សហគមន៍ ភូមិ​រោង​ម៉ាស៊ីន ​ឃុំ​តា​សាល ​ស្រុក​ឱ​រ៉ា​ល់ ​ដែលមាន​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​កំពុង​រស់នៅ​ទីនោះ ហើយ​ពួកគាត់​មានឱកាស​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​ពី​គម្រោង​នេះ​។​

​លោក Phillip Wong នាយក​ប្រចាំ​តំបន់​អាស៊ាន​ប៉ែក​ខាងជើង (North ASEAN) នៃ​ក្រុមហ៊ុនអុីដ​ត​ខូ គ្រុប មាន​​ប្រសាសន៍ថា«​អុី​ដ​ត​ខូ​ប្តេជ្ញា​លើកកម្ពស់​គុណភាព​ជីវិត​និង​ការទទួលខុសត្រូវ​ផ្នែក​បរិស្ថាន​។​យើង​បានផ្តល់​ប្រព័​ន្ធ​បូមទឹក​ដែល​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​នេះ​ទៅដល់​សហគមន៍​ដែលមាន​លទ្ធ​ភាព​តិចតួច​ក្នុងការ​ទទួលបាន​ទឹក​និង​អគ្គិសនី​សំរាប់​ប្រើប្រាស់​។​យើង​សង្ឃឹមថា ថាមពល​ពន្លឺព្រះអាទិត្យ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​អាច​ដោះស្រាយ​បញ្ហា កង្វះ​ទឹក​ស្រោចស្រព​ដំណាំ ចិញ្ចឹមសត្វ និង ការប្រើប្រាស់​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ផងដែរ​»​។​

​ប្រព័ន្ធ​ទឹក​ប្រើ​បន្ទះ​សូ​ឡា​ចំនួន ៤ ដើម្បី​ផ្តល់​ថាមពល ដែល​អាចឱ្យ​ម៉ូ​ទ័​រ​បូមទឹក​បាន ៦ ម៉ោង​ក្នុង​មួយថ្ងៃ​និង​បូម​ទឹក​បាន ៣ ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង ហើយ​ប្រមាណ​ជា ១៥-១៨ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ អាង​ស្តុក​ទឹក​មាន​ចំណុះ​ដែល​អាច​ស្តុក​ទឹកបាន​ចំនួន ៥,០០០ លីត្រ​។​អត្ថប្រយោជន៍​ចម្បង​នៃ​ប្រព័ន្ធ​បូមទឹក​ប្រើ​ពន្លឺព្រះអាទិត្យ​នេះ គឺ​វា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​ទាំងស្រុង វា​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​អគ្គិសនី ឬ ប្រេងម៉ាស៊ូត ហើយ​សហគមន៍​មិនចាំបាច់​ចំណាយ​ទៅលើ​ថ្លៃ​អគ្គិសនី ឬ ប្រេងឥន្ធនៈ​អ្វី​ទាំងអស់​។

​សូមជម្រាបថា​៖​គម្រោង​បង្គោល​អង់​តែ​ន​ដើម្បី​ទាញយក​ទឹកស្អាត​សម្រាប់​សហគមន៍​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម​ដ៏​សំខាន់​ដែល​ប្រកបដោយ​និរន្ត​ភាព​របស់​ក្រុមហ៊ុន​អុីដ​ត​ខូ​។​ក្រុមហ៊ុន​មាន​គោល​ការ​ណ៏​សំខាន់​ពីរ​គឺ​ការ​ពង្រឹង​​សហគមន៍​និង​ទំនួល​ខុសត្រូវ​បរិស្ថានដែល​ត្រូវបាន​អនុវត្ត​យ៉ាង​ជោគជ័យ​នៅក្នុង​កម្មវិធី​បរិស្ថាន​ដទៃទៀត​​នៅ​ប្រទេស បង់​ក្លា​ដេ​ស និង​ម៉ាឡេស៊ី ជាមួយគ្នា និង​ប្រទេស​កម្ពុជា​ផងដែរ​។​គោល​ការ​ណ៏​របស់​យើង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​គោលដៅ​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ឆ្នាំ ២០៣០ (SDGs)​។ក្រុមហ៊ុនអុី​ដ​ត​ខូ ជឿជាក់ថា អនាគត​ដែលមាន​និរន្តរភាព ត្រូវការ បរិស្ថាន​ល្អ សហគមន៍​រឹងមាំ​។​

​ប្រព័ន្ធ​ទឹកស្អាត​នេះ​បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មាន​អត្ថន័យ​របស់​ក្រុមហ៊ុន​ក្នុងការ​បង្កើន​គុណភាព​បរិ​ស្ថា​ន​​​ក៏ដូចជា​ការរស់នៅ​រប​ស់​ប្រជាជន​ក្នុង​សហគមន៍​នៅក្នុង​ខេត្តកំពង់ស្ពឺ​។​លើសពីនេះ​ទៀត​គំនិត​ផ្តួចផ្តើម​ទឹក​ស្អាត​នេះ​ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​បន្ត​លើកកម្ពស់​គុណ ភាព​ជីវិត​របស់​សហគមន៍​ដែល​រស់នៅ​ក្បែរ​តំបន់​បង្គោល​អង់​តែ​ន​។

​ក្រុមហ៊ុន​អុី​ដ​ត​ខូ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្ថាបនា​និង​បង្កើត​ទំនាក់ទំនង​ត​ភ្ជាប់​ប្រកបដោយ​និរន្តរភាព​សម្រាប់​ពេលអនាគត តាមរយៈ​ការផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​លំដាប់ថ្នាក់​ពិភពលោក ដោយ​យកចិត្តទុកដាក់​ចំពោះ​សហ​គ​ម៏ និង​បរិស្ថាន​។

ក្រុមហ៊ុន អុីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន ក្រុមហ៊ុន អុីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ លើបង្គោលអង់តែនចំនួន ៣៧០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular