Home ព័ត៌មានជាតិ នយោបាយ ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​ទេសចរណ៍ សាទរ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ

ដោយ​: សុផល / ភ្នំពេញ​: បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​នេះ​បាន​សម្ដែង​ការអបអរសាទរ និង​ជូនពរ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចំពោះ​សមិទ្ធផល​ប្រវត្តិ​សា​ស្ត្រី​ថ្មី​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ទទួលបាន​តំណក់​ប្រេង​លើកដំបូង​។​

​បណ្ឌិត ថោង ខុន បាន​បញ្ជាក់ថា តាមរយៈ​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការទទួលបាន​ដំណក់​ប្រេង​ជា​លើកដំបូង​នេះ គឺជា​ការចាប់ផ្តើម​ដ៏​សំខាន់បំផុត​សម្រាប់​ប្រទេស​កម្ពុជា ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល ដែលជា​ពរជ័យ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ «​សន្តិភាព​» របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បិតា​ស្ថាបនិក អគ្គ​មគ្គទេសក៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង​សន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖«​សន្តិភាព​» របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​កត្តា​សារវន្ត​មិនអាច​ខ្វះ​បាន​សម្រាប់​ការសម្រេច​ជោគជ័យ​លើ​សមិទ្ធផល​ជាតិ​ជា​បន្តបន្ទាប់ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមទាំង​សមិទ្ធផល​ថ្មី​ក្នុង​វិស័យ​ប្រេងកាត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ទន្ទឹង​រង់ចាំ​ជាច្រើន​ជំនាន់​យូរលង់​ណាស់​មកហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular