Home ព័ត៌មានជាតិ សង្គម ស្នងការរង : ម...

ស្នងការរង : មន្រ្តីនគរបាលត្រូវត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើទប់ស្កាត់ក្រុមជ្រុលនិយមប៉ុនប៉ងបំផ្លាញសន្តិភាព

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សបាននាំយកទិសដៅការងារមួយចំនួនរបស់លោក ឧត្តមសនីយ៍ឯក ថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញផ្សព្វផ្សាយជូនដល់មន្រ្តីនគរបាលខណ្ឌមានជ័យ ដោយត្រូវត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើទប់ស្កាត់ចំពោះក្រុមជ្រុលនិយមដែលមានគំនិតប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ការផ្សព្វផ្សាយទិសដៅការងារ បានធ្វើឡើងក្នុងពិធីប្រកាសលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រគល់ភារកិច្ចដឹកនាំត្រួតពិនិត្យពង្រឹងការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខណ្ឌខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី បន្តថា ជាងនេះថែមទៀតត្រូវយកចិត្តទុកដាក់គោរពអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់។គ្រប់គ្រងរៀបចំផែនការការងារឱ្យបានច្បាស់លាស់និងគ្រប់គ្រងត្រួតពិនិត្យកម្លាំងឱ្យបានត្រឹមត្រូវ ចៀសវាងកុំឱ្យកម្លាំងទៅធ្វើសកម្មភាពខុសច្បាប់ដែលបង្កប៉ះពាល់កិត្តិយសនគរបាលជាតិនិងអង្គភាពជាដើមនោះ។

សូមបញ្ជាក់ថា លោកស្នងការរងរាជធានីភ្នំពេញឧត្តមសេនីយ៍ត្រី គល់ យី ត្រូវបានប្រកាសដឹកនាំបញ្ជាត្រួតពិនិត្យពង្រឹងការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជំនួស លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ដែលត្រូវបានចូលនិវត្ត លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ស្តីទី០១រូប និងអធិការរង១៣រូបទទួលភារកិច្ចការងារជំនាញ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular