ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃស្អែកនេះឆ្លងឆ្នាំថ្មីដែលជាឆ្នាំសាកលហើយ ហេតុនេះរាល់រឿងរាវអាក្រក់ឬមានរឿងរាវមិនល្អត្រូវទម្លាក់ចោលឱ្យអស់ ហើយចាប់ផ្តើមអ្វីៗដែលថ្មីនិងល្អឡើងវិញ។លោកអ្នកត្រូវចាត់ទុករឿងរាវមិនល្អកន្លងមកជាបទពិសោធន៍និងជាមេរៀនទើបល្អបំផុត។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់សន្សឹមៗហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបយាយីបន្តិចហើយទោះបីធ្វើអ្វីក៏ដោយតែងជួបបញ្ហារកាំចិត្តច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទាំងពួងទៅរួច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណឱ្យសោះប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយហើយមកដេកសោកស្តាយ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការរីកលូតលាស់ដូចគាប់បំណងប៉ុន្មានឡើយ។ទាំងស្ត្រីបុរសការបំពេញកិច្ចការងារថ្ងៃនេះចូរប្រយ័ត្នក្រុមមនុស្សបង្កើតរឿងអាក្រក់ហើយចាប់កំហុសដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ហើយចាប់កំហុសគ្នាច្រើនព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនតិចឡើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវពុះពារឧបសគ្គតូចធំច្រើនបន្តិច ហើយពិសេសការធ្វើអ្វីៗតែងមានរឿងរាវចម្រូងចម្រាសកើតមានឡើងមិនសូវល្ហែដែរទេ។ក្រៅពីនេះបើលោកអ្នកមានទុក្ខកង្វល់ឱ្យចេះជ្រើសរើសផ្លូវដើរណាមួយច្បាស់លាស់បន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទោះធ្វើអ្វីក៏ដោយត្រូវធ្វើចិត្តឱ្យត្រជាក់ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយបញ្ហាទើបប្រសើរហោង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីចង់ធ្វើអ្វីក៏ជាឱកាសល្អផងដែរព្រោះថាតែងហុចផ្លែផ្កាដូចជាទីគាប់ចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពចម្រើនលូតលាស់ទៅមុខ ហើយបើជាស្នេហាថ្មីថ្មោងផងតែងបានទទួលក្តីសង្ឃឹមពីគ្នាយ៉ាងកក់ក្តៅទៀតផង៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនត្រូវមានអារម្មណ៍ក្តៅក្រហាយឬប្រទះដៃយកដៃប្រទះជើងយកជើងនោះឡើយពីព្រោះផលអាក្រក់ងាយកើតឡើងចំពោះមុខណាស់។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នប្រយែងហើយខិតខំបំពេញការងារពីព្រោះថាផលល្អៗតែងរង់ចាំជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួបបញ្ហាចំណូលបន្តិចក្តីតែយ៉ាងណាការជួញទីជិតឆ្ងាយអាចរកផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។ការធ្វើដំណើរឆ្ងាយជិតមានក្រុមមនុសុ្សជួយជ្រោមជ្រែងនិងជួយយកអាសារច្រើន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវចេះកាត់បន្ថយជម្លោះវិវាទខ្លះទើបគ្មានរឿងអាក្រក់នាថ្ងៃខាងមុខ ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ហើយធ្វើអ្វីក៏តែងមានភាពជឿនលឿនទៅមុខផង។ អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់និងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីគួរប្រុងប្រៀបរៀបចំពត់ចិត្តគំនិត ហើយមិនត្រូវយកភាពរឹងមានះដាក់ខ្លួនឡើយប្រយ័ត្នធ្លាក់ក្នុងជម្លោះណាមួយនាំដំបៅចិត្តយូរអង្វែង។ការរស់នៅជួបបញ្ហាស្មុគស្មាញច្រើនបន្តិចប៉ុន្តែយ៉ាងណាបើចេះដោះស្រាយនោះបញ្ហាធំនឹងប្រែក្លាយជាតូចវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខប៉ុន្តែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុពេកឡើយដើម្បីចៀសវាងកុំឱ្យខូចអនាគតភ្លឺស្វាង៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកងាយជួបឧបសគ្គចំពោះមុខណាស់ ហើយធ្វើអ្វីក៏ដោយប្រៀបដូចអុំទូកបញ្ច្រាសទឹកដែលមិនងាយទៅមុខតែងាយថយក្រោយ។ម្ល៉ោះហើយបើមិនខិតខំស្រវាស្រទេញទេពិតជាជួបផលលំបាកខ្លាំងជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូសហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្តហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើនជាងសព្វមួយដង៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយមិនងាយទទួលបានផលឆ្លើយតបមកវិញទេ ហើយពិសេសងាយកើតនូវរឿងរាវត្រូវឈឺក្បាលថែមទៀត។ការប្របការងារវិញលោកអ្នកត្រូវមើលគេមើលឯងខ្លះពីព្រោះថាពេលខ្លះផលល្អសោះអាចប្រែជាអាក្រក់រកនឹកស្មានមិនដល់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការថយក្រោយច្រើនហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សបង្កហេតុណាមួយនាំត្រូវពិបាកត្រូវដោះស្រាយហើយកើតជារឿងរាវជម្លោះវិវាទ។
រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានចិត្តត្រជាក់ចំពោះគ្នាដោយមិនត្រូវយកចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនឡើយបើពុំនោះនាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕