ប្រែសម្រួល : កញ្ញាដាលីស/សាណា ៖ក្រុមមន្ត្រីសន្តិសុខបាននិយាយថាការផ្ទុះដ៏ធំបានអង្រួនអាកាសយានដ្ឋាននៅទីក្រុងអាដិននៅភាគខាងត្បូងប្រទេសយេម៉ែនកាលពីថ្ងៃពុធភ្លាមៗបន្ទាប់ពីយន្តហោះដឹកគណៈរដ្ឋមន្ត្រីដែលទើបបង្កើតថ្មីបានចុះចតនៅទីនោះ។ មនុស្សយ៉ាងតិច ២៥ នាក់បានស្លាប់និង ១១០ នាក់រងរបួសនៅក្នុងការផ្ទុះនេះ។
រដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិរបស់យេម៉ែននិយាយថាក្រុមឧទ្ទាមហូធីដែលគាំទ្រដោយអ៊ីរ៉ង់បានបាញ់មីស៊ីលឆ្លងទ្វីបចំនួន ៤ គ្រាប់ដាក់អាកាសយានដ្ឋាន។ មន្ត្រីរបស់ក្រុមឧទ្ទាមមិនបានឆ្លើយតបទូរស័ព្ទពីទីភ្នាក់ងារសារព័ត៌មាន AP ដើម្បីសុំការបំភ្លឺទេ។ គ្មាននរណាម្នាក់នៅលើយន្ដហោះរបស់រដ្ឋាភិបាលបានរងរបួសទេ។
ក្រោយមកមន្ត្រីបានរាយការណ៍អំពីការផ្ទុះមួយទៀតនៅជិតវិមានមួយនៅក្នុងទីក្រុងអាដិន កន្លែងដែលសមាជិកគណៈរដ្ឋមន្ត្រីត្រូវបានផ្ទេរបន្ទាប់ពីការវាយប្រហារអាកាសយានដ្ឋាន។ ទូរទស្សន៍ Al-Arabiya របស់អារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្រោយមកបានបាញ់ទម្លាក់យន្តហោះដ្រូនផ្ទុកគ្រាប់បែកមួយ ដែលប៉ុនប៉ងតម្រង់គោលដៅលើវិមាននេះ។
ការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបិទការប្រេះឆារវាងរដ្ឋាភិបាលរបស់ប្រធានាធិបតីយេម៉ែនលោកអាបេដ រ៉ាបបូ ម៉ាន់សួ ហាឌី និងក្រុមបំបែកខ្លួននៅភាគខាងត្បូង ដែលគាំទ្រដោយអារ៉ាប់រួមអេមីរ៉ាត។ រដ្ឋាភិបាលរបស់លោកហាឌីនិងក្រុមបំបែកខ្លួនគឺជាសម្ព័ន្ធមិត្តបន្ទាប់បន្សំនៅក្នុងសង្គ្រាមស៊ីវិលរយៈពេលយូរឆ្នាំរបស់យេម៉ែនដែលរួមដៃគ្នាជាមួយសម្ព័ន្ធមិត្តយោធាគាំទ្រដោយសហរដ្ឋអាម៉េរិកនិងគាំទ្រដោយអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងពួកឧទ្ទាមហូធីសដែលគ្រប់គ្រងផ្នែកភាគច្រើននៅភាគខាងជើងយេម៉ែនក៏ដូចជារដ្ឋធានីសាណា។
វីដេអូពីកន្លែងកើតហេតុនៅឯអាកាសយានដ្ឋានបានបង្ហាញ សមាជិកគណៈប្រតិភូរដ្ឋាភិបាលបានគេចខ្លួន ខណៈដែលការផ្ទុះបានធ្វើឱ្យញ័រផែនដី។រដ្ឋមន្ត្រីជាច្រើនបានប្រញាប់ប្រញាល់ត្រឡប់ទៅខាងក្នុងយន្ដហោះវិញឬរត់ចុះជណ្តើរដើម្បីស្វែងរកកន្លែងជ្រកគ្រាប់។
ផ្សែងក្រាស់បានហុយឡើងលើមេឃនៅក្បែរអគារស្ថានីយចេញដំណើរ។ មន្ត្រីនៅកន្លែងកើតហេតុបាននិយាយថាពួកគេបានឃើញសាកសពដេកពាសវាលពាសកាលនិងកន្លែងផ្សេងទៀតនៅឯអាកាសយានដ្ឋាន។
រដ្ឋមន្ត្រីគមនាគមន៍យេម៉ែនលោក ណាហ្គូអ៊ីប អាល់អាក ដែលស្ថិតនៅលើយន្តហោះ បានប្រាប់ AP ថា គាត់ឮសំឡេងផ្ទុះ២ដង ដោយសន្និដ្ឋានថាវាជាការវាយប្រហារតាមដ្រូន។ នាយករដ្ឋមន្ត្រី ម៉ាអ៊ីន អាប់ឌុលម៉ាលីក សាអ៊ីដ និង អ្នកដទៃទៀតត្រូវបានជម្លៀសពីអាកាសយានដ្ឋានទៅកាន់វិមានម៉ាស៊ីកភ្លាមៗ។
យោធានិងកងកម្លាំងសន្តិសុខបានបិទតំបន់ជុំវិញអាកាសយានដ្ឋាន៕
អាកាសយានដ្ឋានអាដិនរងការវាយប្រហារកាលពីថ្ងៃពុធបណ្តាលឱ្យស្លាប់២៥នាក់របួសជាង១១០នាក់ ។វីដេអូពីកន្លែងកើតហេតុនៅឯអាកាសយានដ្ឋានបានបង្ហាញ សមាជិកគណៈប្រតិភូរដ្ឋាភិបាលបានគេចខ្លួន