ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ សហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទៅលើឈូងសមុទ្រពែក្សកាលពីថ្ងៃពុធ និងជាលើកទី ២ ក្នុងខែនេះដែលអាម៉េរិកបង្ហាញកម្លាំងដើម្បីរារាំងអ៊ីរ៉ង់ពីការវាយប្រហារគោលដៅរបស់អាម៉េរិកឬសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។
មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកម្នាក់បាននិយាយថា ការហោះហើរដោយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួនពីរគ្រឿងគឺដើម្បីឆ្លើយតបទៅនឹងសញ្ញាណដែលថាអ៊ីរ៉ង់អាចនឹងមានគម្រោងវាយប្រហារប្រឆាំងនឹងគោលដៅសម្ព័ន្ធមិត្តរបស់អាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ឬកន្លែងផ្សេងទៀតនៅក្នុងតំបន់ក្នុងប៉ុន្មានថ្ងៃខាងមុខ។
បេសកកម្មរបស់យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលហោះក្នុងដំណើរវិលជុំពីមូលដ្ឋានទ័ពអាកាសនៅដាកូតាខាងជើងឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍ចុងក្រោយនៃរដ្ឋបាលប្រធានាធិបតីដូណាល់ត្រាំ ថាអ៊ីរ៉ង់នឹងបញ្ជាឱ្យមានការសងសឹកផ្នែកយោធាបន្ថែមទៀតសម្រាប់ការដែលអាម៉េរិកសម្លាប់មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ឧត្តមសេនីយ៍ កាសសេម សូឡេម៉ានី កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០។
ការឆ្លើយតបដំបូងរបស់អ៊ីរ៉ង់នៅ ៥ ថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់អាម៉េរិក គឺ ការវាយប្រហារដោយមីស៊ីលឆ្លងទ្វីបទៅលើមូលដ្ឋានយោធាមួយនៅអ៊ីរ៉ាក់ដែលបណ្តាលឱ្យមានការប៉ះទង្គិចខួរក្បាលដល់កងទ័ពអាម៉េរិកប្រមាណ ១០០ នាក់។
ទោះយ៉ាងណា អ៊ីរ៉ង់បានបង្ហាញការប្រយ័ត្នប្រយែងចំពោះចេតនារបស់លោកត្រាំនៅក្នុងសប្តាហ៍ចុងក្រោយរបស់លោកនៅក្នុងមុខតំណែងដោយហេតុថាគាត់បានដាក់ការផ្តោតអារម្មណ៍លើការដាក់សម្ពាធលើរដ្ឋាភិបាលក្រុងតេអេរ៉ង់ជាមួយនឹងទណ្ឌកម្មនិងចំណាត់ការផ្សេងទៀត ដែលបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរបស់សាធារណរដ្ឋអ៊ីស្លាមយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោកចាវ៉ាដ ហ្សារីហ្វបានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី២៤ធ្នូថា “លោកត្រាំនឹងទទួលខុសត្រូវទាំងស្រុងចំពោះការប្រថុយប្រថាណណាមួក្នុងពេលដែលគាត់ត្រៀមចុះចេញពីតំណែង”៕
យន្តហោះទម្លាក់គ្រាប់បែក B-52