ដោយ ៖ ភ្នំស្វាយ / ព្រំដែនកម្ពុជា ថៃៈ កងឯកភាពខេត្តបន្ទាយមានជ័យ បានបង្កើនសកម្មភាពដើរល្បាត នៅគ្រប់ចំណុចបណ្តោយព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមស្មារតី រួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ។
មន្ត្រីយោធានៃកងពលតូចថ្មើរជើង លេខ៥១ បានអោយដឹង នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ថាៈ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានខិតខំប្រឹងប្រែង ទាំងយប់ ទាំងថ្ងៃ ចូលរួមសហការជាមួយ កម្លាំងចម្រុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបុព្វហេតុ ជាតិមាតុភូមិ ជាពិសេសរួមគ្នាទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ ១៩ ។
ឯកងទ័ពនៃកងការពារព្រំដែនលេខ៥០៣ , តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ កងនគរបាលវរសេនាតូច ការពារព្រំដែន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក៏បានបង្កើនល្បាតប្រដាប់អាវុធ នៅបណ្តោយព្រំដែនដែរ តាំងពីដើមសប្តាហ៍ទី៤ ខែធ្នូ មកម៉្លេះ។
មន្ត្រីកងកម្លាំង នៃគណៈបញ្ជាការកងឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអោយដឹង នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះថាៈ ក្នុងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ដែលផ្ទះក្នុងសហគមន៍កម្ពុជា ឬព្រឹត្តការណ៍ ២៨ ខែវិច្ឆិកា ពិសេសការផ្ទុះខ្លាំងដ៏បារម្ភបំផុត នៃកូវីដ ១៩ ក្នុងសហគមន៍ថៃ ក៏ដូចជាសន្តិសុខ ក្នុងសភាពការណ៍ថ្មី នាឱកាសអបអរឆ្លងឆ្នាំសាកល ២០២១ កងកម្លាំងចម្រុះ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ត្រូវបានបង្កើន ការការពារ ថែរក្សាសន្តិសុខ របៀបរៀបរយ ក្នុងភូមិសាស្ត្រ ពិសេសនៅតាមបណ្តោយ ព្រំដែនកម្ពុជា ថៃ ទាំងយប់ ទាំងថ្ងៃ ពោលគឺ បង្ការទាំងលំហូរពលករខ្មែរ និងពលរដ្ឋថៃ ជ្រៀតឆ្លងកាត់ព្រំដែន ទាំងមានផ្ទុកមេរោគ/ជំងឺកូវីដ ១៩ ។
ប្រភពព័ត៌មានពីព្រំដែនកម្ពុជា ថៃ បានអោយដឹងបន្ថែមថាៈ កងឯកភាពចម្រុះ នៅខេត្តនានា ចំណុះភូមិភាគ ៣, ៤ និង ៥ ក៏បានបង្កើនកិច្ចការពារ នាបណ្តោយព្រំដែន ដូចគ្នានេះដែរ ៕/V-PC