ធា​រី ហង់​រី ចង់​ឲ្យ​អ្នកគាំទ្រ​ចងចាំ​សមិទ្ធផល​របស់លោក អា​សេន វែង​ហ្គើ

1165
ចែករម្លែក

អតីត​ខ្សែប្រយុទ្ធ ធា​រី ហង់​រី (Thiery Henry) ចង់​ឲ្យ​អ្នកគាំទ្រ​របស់​ក្រុម កាំភ្លើង​ធំ​អា សេណ​ល ចងចាំ​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ចំពោះ​ការខិតខំ​របស់លោក ក្នុងការ​ប្រែក្លាយ​ក្រុម Arsenal និង​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ក្លឹប​ទាំងមូល​។​

​ហង់​រី ដែល​ត្រូវបាន​នាំ​ពី​ក្លឹប Juventus មកកាន់ Arsenal ដោយ​លោក វែង​ហ្គើ កាលពី ឆ្នាំ​១៩៩៩​នោះ ជឿថា អ្នកគាំទ្រ​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​លើ​របៀប​ដែល​លោក វែង​ហ្គើ បាន​កែប្រែ​ក្លឹប​នេះ​ទៅជា​ក្លឹប​ដ៏​ល្អ​មួយ​ជាជាង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការខកខាន​មិនបាន​ទទួល​ជោគជ័យ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៅពេល​ឆ្លុះបញ្ចាំង​អំពី​ការដឹកនាំ​រយៈពេល​២២​ឆ្នាំ របស់លោក​។​

​ហង់​រី បាន​និយាយថា “​ខ្ញុំ​គិតថា ពេលខ្លះ យើង​ច្រើនតែ​វាយតម្លៃ​អ្នកចាត់ការ​ដោយ​ផ្អែក លើ​ការលើក​ពាន​។ ប៉ុន្តែ​នៅពេល​អ្នក​កែប្រែ​ក្លឹប​ពី​អាក្រក់​ទៅជា​ល្អ ខ្ញុំ​គិតថា អ្វីដែល​យើង​គួរ សម្លឹងមើល​គឺ​មរតក​របស់គាត់​”​។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បានប្រកាស​កាលពីដើម​សប្តាហ៍​នេះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា លោក​នឹង​លាលែង​ពី​ក្លឹប Arsenal នៅ​ដំណាច់​រដូវ​កាល​នេះ បើទោះបីជា​លោក​នៅសល់ កិច្ចសន្យា​មួយឆ្នាំ​ទៀត​ក៏ដោយ​។​

​មានការ​សម្តែង​ការគោរព​ចំពោះ​លោក​ទូទាំង​ពិភព​បាល់ទាត់​ចាប់តាំងពី​ការប្រកាស​នេះ ហើយ​លោក​ត្រូវបាន​គេ​កោតសរសើរ​ចំពោះ​វិធីសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​ជាមួយ​ទម្រង់​លេង​ដ៏​អស្ចារ្យ​។​

​ហ្គែ​រី ណេ​វី​ល (Gary Neville) ជា​អតីត​ខ្សែការពារ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដែល​ធ្លាប់ ប្រឈមមុខ​ជាមួយ​ក្រុម​អា​សេណ​ល​ក្រោម​ការដឹកនាំ​ដោយ​លោក វែង​ហ្គើ ច្រើនលើក​ច្រើន សា​ក្នុង​អាជីព​របស់ខ្លួន​នោះ ក៏បាន​សារភាព​ផងដែរ​ថា ក្រុម Arsenal កាលពី​ឆ្នាំ​១៩៩៨ “​គឺជា​ក្រុម​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អតីត​ខ្សែប្រយុទ្ធ ធា​រី ហង់​រី (Thiery Henry) និង លោក អា​សេន វែង​ហ្គើ (Arsene Wenger)

ទីតាំងផ្សាយពាណិជ្ជកម្ម