លោករដ្ឋមន្ត្រីកសិកម្មដល់បច្ចុប្បន្នភាពអំពីដំណាំពោតនៅកម្ពុជា

ដោយ: ជា សីហ:/ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៅព្រឹកនេះបានចែករំលែកបន្ថែមអំពីបច្ចុប្បន្នភាពនៃដំណាំពោតនៅក្នុងប្រទេសកម្ពុជា។

លោកបានឲ្យដឹងថា ដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឲ្យវិស័យផលិត កម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។

លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤. ៥៩៨ហ.ត និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥. ៥៥១តោន/ឆ្នាំ ។

 

ឆ្វេងយល់ពីសក្តានុពលនៃដំណាំពោត នៅឆ្នាំ២០១៤ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក ខេត្តកណ្តាល អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជាធ្វើការសិក្សាស្រាវជ្រាវរកពូជពោតអ៊ីប្រ៊ីតថ្មីមួយដើម្បីចូលរួមបង្កើនផលិតកម្មពូជពោតក្នុងស្រុក និងកាត់បន្ថយពូជពោតនាំចូលពីបរទេស។ អស់រយៈពេលជាច្រើនឆ្នាំការស្រាវជ្រាវសម្រេចទទួលបានលទ្ធផល គឺប្រភេទពូជពោតអ៊ីប្រ៊ីតថ្មីមួយមានឈ្មោះថា “CHM01” ដែលមានលក្ខណសម្បត្តិគឺ៖ – ធន់នឹងជំងឺបួស (Downy Mildew- DM) – ផ្តល់ទិន្នផលប្រមាណជា ៨,៦០តោន/ហ.ត ខ្ពស់ជាប្រភេទពូជពោតអ៊ីប្រ៊ីតដែលនាំចូលពីបរទេស – ធន់នឹងការប្រែប្រួលអាកាសធាតុ – មានអាយុកាលខ្លីជាងប្រភេទពូជអ៊ីប៊្រីដផ្សេងៗចំនួនពី១០-១៥ថ្ងៃ (១០០ថ្ងៃដាំដុះនៅរដូវប្រាំង និង១០៥ ថ្ងៃដាំនៅរដូវ វស្សា) – មានគ្រាប់ធំ ពណ៌ទឹកក្រូចចាស់។

លោករដ្ឋមន្ត្រីបានបន្ទាន់ទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីលទ្ធផលស្រាវជ្រាវដែលបានអនុវត្តនៅក្នុងស្ថានីយ ជាពិសេសដើម្បីវាយតម្លៃអំពីភាពសម ស្របនៃក្សេត្របរិស្ថានរបស់ពូជ ទិន្នផល គុណភាព ភាពធន់ទាំងជំងឺ និងការប្រែប្រួលអាកាស ធាតុនៅតំបន់ផ្សេងៗគ្នា នៅឆ្នាំបន្តបន្ទាប់ ២០១៧ ២០១៨ និង ២០១៩ អគ្គនាយកដ្ឋានកសិកម្មបានយកពូជពោតនេះ ទៅដាំដុះពិសោធន៍ បន្សាំនៅតាមបណ្តាចម្ការរបស់កសិករនៅខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ និងកណ្ដាលចំនួនជាង ២០០កន្លែង ទាំងក្នុងរដូវវស្សា និងរដូវប្រាំង ហើយលទ្ធផលទទួលបានមានលក្ខណប្រហាក់ប្រហែលលទ្ធផលនៅក្នុងស្ថានីយ។ យោងលើលទ្ធផលនៃការស្រាវជ្រាវទាំងពីរកន្លែង នៅខែឧសភា កន្លងមក ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានសម្រេចអនុញ្ញាតឲ្យចុះបញ្ជិកាជាពូជពោតអ៊ីប្រ៊ីតកម្ពុជាដំបូងគេដែលមានឈ្មោះថា CHM01 សម្រាប់ប្រើប្រាស់ជាសាធារណៈ។ ក្នុងនាមដៃគូសហការស្រាវជ្រាវ នាយកមជ្ឈមណ្ឌល KOPIA បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិ បត្តិការ និងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈនេះ។ 

កាលពីថ្ងៃទី២៩ ខែធ្នូ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានកសិកម្ម និងមជ្ឈមណ្ឌល KOPIA ប្រចាំនៅកម្ពុជាលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្ដីពី “ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) នៅប្រទេសកម្ពុជា។ គម្រោងនេះ នឹងត្រូវយកទៅអនុវត្តក្នុងគោលបំណង៖  

១- ពង្រឹងសមត្ថភាពរបស់អ្នកសិក្សាស្រាវជ្រាវ និងការបង្កើតពូជពោតអ៊ីប្រ៊ីតថ្មី។

២- បង្កើតជាទម្រង់ ឬគំរូមួយសម្រាប់ផលិតកម្ម និងចែកចាយគ្រាប់ពូជពោតអ៊ីប្រ៊ីត CHM01  ជូនកសិករ។ 

៣- ធ្វើការបង្ហាញ និងផ្សព្វផ្សាយពូជពោតអ៊ីប្រ៊ីតនេះក្នុងទ្រង់ទ្រាយធំនៅតាមបណ្តាខេត្តសំខាន់ៗជាសាធារណៈសម្រាប់ឲ្យកសិករមានការយល់ដឹង និងទទួលយកកាន់តែទូលំទូលាយ ហើយគម្រោងនេះក៏នឹងបញ្ចូលផងដែរលើការពង្រីកផលិតកម្មគ្រាប់ពូជ ស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជពោតថ្មីនេះ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក និងនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ខេត្តកំពង់ចាម៕\PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular