ដោយៈ សរិទ្ធ / ភ្នំពេញៈ ក្រោយពីប្រមូលភស្តុតាង នៅកន្លែងកើតហេតុ សាកសួរសាក្សី ឃើញហេតុការណ៍ផ្ទាល់ និង ការស៊ើបអង្កេត តាមជំនាញយ៉ាងច្បាស់លាស់នោះ នៅពេលនេះ សមត្ថកិច្ច បានកំណត់មុខសញ្ញាឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានហើយ ។
តាមប្រភពព័ត៌មាន គួរអោយទុកចិត្តបាន ពីសមត្ថកិច្ច ដែលទើបទទួលបាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ គឺសមត្ថកិច្ច កំពុងតាមចាប់ខ្លួនក្រុមឃាតករ និង រំពឹងថា នឹងចាប់បាន នាពេលឆាប់ៗ ខាងមុខនេះ ។
សមត្ថកិច្ច បានបង្ហើបថាៈ ការតាមចាប់ខ្លួនក្រុមឃាតករ ក៏ប្រឈមមុខនឹងគ្រោះថ្នាក់ ផងដែរ ដោយសារតែក្រុមឃាតករ មានកាំភ្លើងក្នុងដៃ ដែលអាចប្រទូស្តរាយនឹងគ្នា ប្រសិនបើ ប្រតិបត្តិការនេះ មិនច្បាស់លាស់ និងធ្វើដោយគ្មានប្រសិទ្ធភាពទេនោះ ។
ប្រតិបត្តិការ ដែលគេដឹងថា កំពុងដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ គឺបានតាមជាប់រហូត ដោយសមត្ថកិច្ច ពុំបានសម្រាកឡើយ ដែលលទ្ធផលដំបូង បានរកឃើញឡាន ជនល្មើស ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 តែត្រូវបានដោះផ្លាកលេខចេញ និងត្រូវបានផ្លុងចោល នៅជិតភ្នំបាសិត ខណ្ឌព្រែកព្នៅ ក្នុងផ្ទះប្រជាពលរដ្ឋ មួយកន្លែង។
រឿងរ៉ាវដែលកំពុងផ្ទុះកក្រើកនេះ មានមជ្ឈដ្ឋានមួយចំនួន បង្ហាញជាចម្ងល់ថា តើករណីនេះ កើតឡើងពីបញ្ហា គ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច ឈានដល់ ការបាញ់សម្លាប់ភ្លាមៗ ឬ ជាការរៀបចំទុកជាមុន ? ។ ចម្ងល់ទាំងនេះ នឹងការលាតត្រដាង នៅពេលសមត្ថកិច្ច ចាប់ខ្លួនក្រុមឃាតករ បាន។
សូមបញ្ជាក់ថា អំពើបាញ់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថី សហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ បានអោយដឹងថាៈ ជនសង្ស័យ ចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្ត ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 ។ ចំណែកជនរងគ្រោះ ជិះរថយន្តម៉ាក Ford Raptor F150 ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 2BD-3738 ។
ដំណើរឿងមួយនេះ ត្រូវបានរៀបរាប់ ក្នុងរបាយការណ៍ថា ជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភីលីន បានចេញពីហាងស៊ុប នៅម្តុំវត្តភ្នំ ហើយជនរងគ្រោះ បើករថយន្តលើមហាវិថី សហព័ទ្ធរុស្ស៊ី ពីទិសខាងកើត មកខាងលិច ។ ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 ដោយនៅក្នុងរថយន្ត មានគ្នាចំនួន៥នាក់ (ប្រុស២នាក់ ស្រី២នាក់ និង ក្មេងតូចម្នាក់) បានបុកពីក្រោយរថយន្ត Ford របស់ជនរងគ្រោះ ផ្នែកខាងឆ្វេង បណ្តាលអោយខូចខាត ។ ចំណែករថយន្ត Lexus RX300 ខូចខាតខាងស្តាំ ផ្នែកខាងមុខ ។ ពេលនោះ ជនរងគ្រោះ រ៉េត ស៊ីណែតបានបើក រថយន្ត បាំងពីមុខរថយន្ត Lexus RX300 រួចដកកាំភ្លើងខ្លី ម៉ាក Glock ភ្ជង់ទៅលើរថយន្ត Lexus RX300 ក្នុងគោលបំណង មិនអោយបើកគេចខ្លួន ។
បន្ទាប់មក ជនបង្កទាំង ២ នាក់ ក៏បានចុះមកចរចា ជាមួយជនរងគ្រោះ ដោយព្រមព្រៀង យករថយន្ត Ford ទៅជួសជុស នៅម្តុំក្រោយពេទ្យលោកសង្ឃ ហើយក៏បានបើករថយន្ត មកអែបខាងទាំងអស់គ្នា ។ ពេលនោះ មនុស្សស្រី ២នាក់ និង ក្មេងតូចម្នាក់ បានជិះ Pass App ចេញពីកន្លែងកើតហេតុទៅមុន ។
ចំណែកជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលរថយន្ត Ford ដែលខូចខាត ក៏ស្រាប់តែជនល្មើស ២ នាក់ ដែលជាជនបង្ក គ្រោះថ្នាក់ចរាចរណ៍ បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក ពណ៌ទឹកប្រាក់ បាញ់សំដៅជនរងគ្រោះ ពីក្រោយ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ ។
ចំណែកជនល្មើស ២ នាក់ បានបើកឡាន Lexus RX300 ឆ្ពោះទៅទិសខាងលិចតាមមហា វិថីសហព័ទ្ធរុស្ស៊ី គេចខ្លួន ហើយឈ្មោះ ង៉ាន់ ភីលីន បានស្ទុះមកមើលជនរងគ្រោះហើយ ដកកាំភ្លើងរបស់ជនរងគ្រោះ ពីក្នុងហោប៉ៅខាងស្តាំ បាញ់ចំនួន ៣ គ្រាប់ ឡើងទៅលើ ។
ជុំវិញបញ្ហានេះ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និង ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យរាជធានីភ្នំពេញ បានធ្វើកោលស្យវិច័យ ដោយបញ្ជាក់ថា ” ជនរងគ្រោះ ស្លាប់ដោយអំពើឃាតកម្ម បាញ់សម្លាប់ បង្កដោយសារគ្រោះថ្នាក់ចរាចរណ៍ “៕/V-PC