ដោយៈ សរិទ្ធ / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការ នគរបាល រាជធានីភ្នំពេញ បង្ហាញអារម្មណ៍ នឹកស្រណោះ សោកស្តាយ ដែលបាត់បង់មន្ត្រី ដ៏សកម្មម្នាក់ ដោយលោក រ៉េត ស៊ីណែត តែងតែបំពេញការងារ បានយ៉ាងល្អ ជូនអង្គភាព ក៏ដូចជា ការចូលរួមសហការ ក្នុងការបង្ក្រាបបទល្មើស នានាជាច្រើន និងបានចូលរួម ចំណែក ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ។
លោកឧត្តមសេនីយ៍ឯក ស ថេត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញដឹកនាំ លោក លោកស្រី ស្នងការរង នាយការិយាល័យ និង មន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិ វរសេនីយ៍ឯក ជូនសពរបស់លោក វរសេនីយ៍ទោ រ៉េត ស៊ីណែត ជាកិច្ចបច្ឆាមរណៈ ដែលបានទទួលមរណៈ កាលពីរំលងអធ្រាត យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត អាយុ៤១ឆ្នាំ ជានាយរង ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មានកូន ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជាមន្ត្រីដ៏ល្អមួយរូប បានលះបង់ ក្នុងការបម្រើសង្គមជាតិ ហើយគាត់ក៏មានការ ទំនាក់ទំនង យ៉ាងល្អជាមួយមិត្ត រួមការងារទាំងអស់ផងដែរ ។
ជាមួយគ្នានេះ លោកស្នងការ បានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ សព លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ហើយក៏បាននាំយកជាសម្ភារ: និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ ក្រុមគ្រួសារសព ៕/V-PC