កិច្ចប្រជុំ ASEP ដែល​សភា​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២០ នេះ ត្រូវ​លើក​ទៅ​ឆ្នាំ​២០២១

ដោយៈ សុផល / ភ្នំពេញៈ ដោយសារ​បញ្ហា​រាតត្បាត ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​គម្រោង​រៀបចំ កិច្ចប្រជុំ​ភាពជា​ដៃគូ សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (ASEP11) ដែល​សភា​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ចុងឆ្នាំ​២០២០ ប្តូរ​ទៅធ្វើ​នៅ​ឆ្នាំ​២០២១ វិញ​។ ដូច្នេះ​ការត្រៀម​រៀបចំ​ការងារ​ខ្លះ បាន​ផ្លាស់ប្តូរ និង​បត់បែន ទៅតាម​សភាពការណ៍​។​

​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ កិច្ចប្រជុំ​ភាពជា​ដៃគូ សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ បាន​ដឹកនាំ​កិច្ចប្រជុំ គណៈកម្មការ​រៀបចំ ដើម្បី​កំណត់ កាលបរិច្ឆេទ​ថ្មី និង​ការងារ​ផ្សេងៗ​ទៀត មួយចំនួន សម្រាប់​កិច្ចប្រជុំ ASEP លើក​ទី​១១ នេះ​។​

​លោក​ប្រធាន​គណៈកម្មការ បាន​គូសបញ្ជាក់ថាៈ ដោយសារ​ការរីក​រាល​ដាល នៃ​ជំងឺ​កូ​វីដ​១៩ ជាស​កល បានធ្វើឱ្យ​គម្រោង​រៀបចំ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) ដែល​ខាង​រាជរដ្ឋាភិបាល ទទួល​ធ្វើជា​ម្ចាស់ផ្ទះ និង​កិច្ចប្រជុំ ASEP11 ដែល​សភា​ធ្វើជា​ម្ចាស់ផ្ទះ បាន​ផ្លាស់ប្តូរ​។​

​លោក​បាន​បញ្ជាក់ថាៈ ផ្អែក​តាម​លិខិត​ជូនដំណឹង របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ បាន​ឲ្យ​ដឹងថាៈ កិច្ចប្រជុំ ASEM13 គ្រោង​នឹងធ្វើ​ឡើង នៅ​ថ្ងៃទី ១-២ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខនេះ​។ ចំណែក​ខាង​សភា​យើង មិនទាន់​កំណត់ កាលបរិច្ឆេទ សម្រាប់​កិច្ចប្រជុំ ASEP11 នៅឡើយ​ទេ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ ASEP11 បាន​លើក​ជា​យោបល់ ដើម្បី​ការសម្រេច ពី​ថ្នាក់ដឹកនាំ អំពី​កាលបរិច្ឆេទ រៀបចំ​កិច្ចប្រជុំ ASEP11 គឺ​គ្រោង​រៀបចំ នៅ​ថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ចំណែក​និមិត្តសញ្ញា នៃ​កិច្ចប្រជុំ គឺ​ត្រូវ​កែសម្រួល ពី​អ្វីដែល​បានសម្រេច លើក​មុន​បន្តិចបន្តួច​។ ចំណែក​មូលបទ​កិច្ចប្រជុំ (MainTheme) គឺ​គួរ​រក្សា​នៅ​ដដែល ពីព្រោះ​ខាង​ក្រសួង ការបរទេស ក៏​រក្សាទុក​មូលបទរ​បស់​ខ្លួន ដដែល​ដែរ​។ ប៉ុន្តែ​ចំពោះ​ប្រធានបទ សម្រាប់​ពិភាក្សា តាម​ក្រុម​ពិភាក្សា​នីមួយៗ គួរ​លើកឡើង ពី​ការ​រំលេច​ខ្លឹមសារ ទាក់ទង​នឹង​ក្នុង​វិបត្តិ​កូ​វីដ​១៩ និង ក្រោយ​វិបត្តិ​នេះ​។​

​លោក ឡេង ប៉េងឡុង បាន​ឲ្យ​ដឹងថាៈ ចំពោះ​ការចេញ​លិខិតអញ្ជើញ លេខាធិការដ្ឋាន ASEP11 ស្នើ​រង់ចាំ​ពេលវេលា​បន្តិចទៀត ក្នុងការ​តាមដាន​សភា​ព​នានា ពិសេស​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ និង​ការសម្រេច​ខាង រាជរដ្ឋាភិបាល ដោយសារ​កិច្ចប្រជុំ ASEM13 នឹងត្រូវ​រៀបចំ​មុន កិច្ចប្រជុំ ASEP11​។​

​ជាមួយគ្នានេះ លោក ឡេង ប៉េងឡុង បានស្នើ​សុំ​ធ្វើ​វិសោធនកម្ម សេចក្តីសម្រេច​រួម លេខ​១២៩ រ​.​ស ស្ដីពី​ការតែងតាំង​សមាសភាព គណៈកម្មការ​រៀបចំ និង​អនុគណៈកម្មការ​នានា ពីព្រោះថា មាន​អ្នកតំណាងរាស្ត្រ​មួយចំនួន បានទទួល​តួនាទី​ថ្មី នៅ​ស្ថាប័ន​នីតិ​ប្រតិ​ប​ត្ដិ​។​

​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល បានស្នើ​ដល់​លេខាធិការដ្ឋាន​ជាតិ ASEP11 ក៏ដូចជា អនុគណៈកម្មការ​ទាំង​៦ ត្រូវ​ដំណើរការ ការងារ​របស់ខ្លួន ជា​ប្រក្រតី​ឡើងវិញ ជាពិសេស លេខាធិការ​ដា្ឋ​ន​ជាតិ ASEP11 ត្រូវ​រៀបចំ​ការងារ និង​ឯកសារ​នានា ពាក់ព័ន្ធ​កិច្ចប្រជុំ ASEP11 ពី​ពេលនេះ​តទៅ​។ លោក​បាន​ណែនាំ​ថាៈ រាល់​ខ្លឹមសារ​ឯកសារ​ទាំងអស់ ពាក់ព័ន្ធ​កិច្ចប្រជុំ ត្រូវ​ដាក់ជូន​អនុគណៈកម្មការ​ទី​១ ទទួលបន្ទុក​ខ្លឹមសារ និង​ឯកសារ ដែលមាន​លោក កិ​ត្ដិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ជា​ប្រធាន ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ទាន់ពេលវេលា​។ រាល់​សំណើ និង​ការលើកឡើង ដែលជា​លទ្ធផល នៃ​កិច្ចប្រជុំ​របស់ គណៈកម្មការ​រៀបចំ នាពេលនេះ នឹងធ្វើ​របាយការណ៍ គោរព​សូម​ការសម្រេច​ពី សម្តេច​ប្រធានរដ្ឋសភា នាពេលខាងមុខ​។​

​សូមជម្រាបថា គណៈកម្មការ​រៀបចំ កិច្ចប្រជុំ​ភាពជា​ដៃគូ សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ បាន​កំណត់ថា នឹងត្រូវ​ប្រជុំ​បូកសរុប​លទ្ធផល ការងារ និង​ដាក់​ទិសដៅ អនុវត្ត​បន្ត ក្នុង​មួយខែ​ម្តង​។ មកដល់ពេលនេះ គណៈកម្មការ បាន​ប្រជុំ​ចំនួន ៥ លើក រួចមកហើយ ៕/V​

កិច្ចប្រជុំ គណៈកម្មការ​រៀបចំ ដើម្បី​កំណត់ កាលបរិច្ឆេទ​ថ្មី និង​ការងារ​ផ្សេងៗ​ទៀត មួយចំនួន សម្រាប់​កិច្ចប្រជុំ ASEP លើក​ទី​១១

កិច្ចប្រជុំ គណៈកម្មការ​រៀបចំ ដើម្បី​កំណត់ កាលបរិច្ឆេទ​ថ្មី និង​ការងារ​ផ្សេងៗ​ទៀត មួយចំនួន សម្រាប់​កិច្ចប្រជុំ ASEP លើក​ទី​១១

កិច្ចប្រជុំ គណៈកម្មការ​រៀបចំ ដើម្បី​កំណត់ កាលបរិច្ឆេទ​ថ្មី និង​ការងារ​ផ្សេងៗ​ទៀត មួយចំនួន សម្រាប់​កិច្ចប្រជុំ ASEP លើក​ទី​១១

កិច្ចប្រជុំ គណៈកម្មការ​រៀបចំ ដើម្បី​កំណត់ កាលបរិច្ឆេទ​ថ្មី និង​ការងារ​ផ្សេងៗ​ទៀត មួយចំនួន សម្រាប់​កិច្ចប្រជុំ ASEP លើក​ទី​១១

កិច្ចប្រជុំ គណៈកម្មការ​រៀបចំ ដើម្បី​កំណត់ កាលបរិច្ឆេទ​ថ្មី និង​ការងារ​ផ្សេងៗ​ទៀត មួយចំនួន សម្រាប់​កិច្ចប្រជុំ ASEP លើក​ទី​១១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular