ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពី ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវអាជីវកម្ម ក្លឹបហាត់ប្រាណ និងលេង កីឡា ដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំ របស់ក្រុមជម្រើសជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០២០នេះដោយបានបញ្ជាក់ថាក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ ខែវិច្ឆិកាត្រូវបានបញ្ចប់ ក្រសួងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវអាជីវកម្ម ក្លឹបហាត់ប្រាណនិងលេងកីឡា ដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលរបស់ក្រុមជម្រើសជាតិជាជំហានៗដើម្បីលើក កម្ពស់សុខភាព និងការហាត់ហ្វឹកហ្វឺន ពង្រឹងបច្ចេកទេស និងគុណផលរបស់កីឡាករ កីឡាការិនីសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅប្រទេស កម្ពុជា ដោយត្រូវគោរពតាមវិធានសុវត្តិភាព សុខភាព របស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដូចខាងក្រោម៖
១) ត្រូវអនាម័យជាប្រចាំ ដោយលាងសំអាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់ មេរោគពាក់ម៉ាស និងវាស់កម្តៅ
២) រក្សាគម្លាតសុវត្ថិភាពបុគ្គល ១.៥ម៉ែត្រ
៣) ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡាត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
៤) ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវណែនាំឲ្យអ្នកចូលហាត់ប្រាណ និងលេងកីឡា ចុះឈ្មោះ ផ្តល់លេខទូរស័ព្ទ និងអាសយដ្ឋានច្បាស់លាស់សម្រាប់ ទំនាក់ទំនង
៥) ត្រូវធានាថាកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងលេងកីឡា មិនមែនជាកន្លែងឆ្លងកូវីដ១៩។
ក្រសួងអប់រំ សង្ឃឹម និងជឿជាក់ថា លោក លោកស្រីប្រធានសហព័ន្ធកីឡាជាតិ អាជីវកម្មក្លឹបហាត់ប្រាណ និងអង្គភាពពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការអនុវត្តនូវ វិធានការការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយការទទួលខុសត្រូវខ្ពស់៕/PC/សរន