ដោយ:រ៉ាម៉ន/ភ្នំពេញ: វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញទាំង១៤ខណ្ឌ បានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីខណ្ឌចំការមន និងខណ្ឌច្បារអំពៅបានចប់។ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ ក្នុងវេទិកាសាធារៈទាំង២ខណ្ឌនេះប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដើម្បីឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចជួយឡើយ។
វេទិកានេះ ប្រជាពលរដ្ឋ បានស្នើសុំជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយកង្វល់ពាក់ព័ន្ធនឹងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ដែលមានដូចជាការស្ថាបនាផ្លូវ លូ ប្រឡាយ និងការដាក់ភ្លើងបំភ្លឺសាធារណៈជាដើម។
ជាក់ស្ដែងវេទិកាសាធារណៈនៅពេលព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានធ្វើឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមនហើយពេលល្ងាចនៅខណ្ឌច្បារអំពៅ ដែលក្រោមអធិបតីភាព លោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ហើយពេលល្ងាចធ្វើឡើងនៅខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស និងលោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ ។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានធ្វើឡើងនៅខណ្ឌខណ្ឌទាំង១៤ជាបន្តបន្ទាប់នោះ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរបន្តជួយដោះស្រាយ លើបញ្ហាជួសផ្លូវសំបុក្រមាន់ នៅតាមសង្កាត់មួយចំនួន បញ្ហាប្រព័ន្ធលូ ការកាត់បណ្តាញអគ្គិសនី ដែលមិនរៀបរយតាមដងផ្លូវ កាត់លះមែកឈើ ស្តារប្រឡាយបឹងត្របែកឱ្យចរន្តទឹកហូរទៅស្ថានីយ៍បានលឿន និងស្នើសុំបង្គោលភ្លើង បញ្ហាគ្រឿងញៀន ជាដើម។ ក៏មានការសុំពង្រីកតួស្ពាន សុំធ្វើទ្វាទឹក ដើម្បីងាយស្រួលបើក បិទទឹក សុំដាក់អំពូលភ្លើង បង្គោលភ្លើងសាធារណៈជាមួយនឹងការសុំការស្ថាបនា លូនិងទឹកស្អាតផងដែរ។
លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានចាត់ទុកការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន គឺជាតួនាទីភារកិច្ច របស់មន្ត្រីសាធារណៈ ដែលត្រូវបំពេញ និងបំរើដោយឥតលក្ខខណ្ឌ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមន្ត្រីបំរើរាស្ត្រដោយស្មោះត្រង់ និងឆ្លើយតបនឹងតម្រូវការចាំបាច់។ លោកបានជំរុញញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ ស្របពេល ដែលរដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកានេះ១៤ខណ្ឌ រួចហើយ ដូច្នេះ រាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ នឹងត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់ សម្រាប់ឆ្នាំ២០២០នេះ៕