ដោយៈ ប.ខុន/ភ្នំពេញៈ នៅយប់ថ្ងៃឆ្លងឆ្នាំសកល ២០២០-២០២១ នេះ ធាតុអាកាសត្រជាក់ អាចចុះដល់ក្នុងរង្វង់ ១៣ អង្សាសេ នៅតំបន់ខ្ពង់រាប ភាគឦសាន តំបន់ជួរភ្នំដងរែក និងតំបន់វាលវែង នៃខេត្តពោធិសាត់ ។ ការចុះត្រជាក់បែបនេះ មានរហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ទើបសីតុណ្ហភាព ងើបឡើងមកវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ថាៈ នៅយប់នេះ (៣១ធ្នូ) ធាតុអាកាសត្រជាក់ អាចចុះដល់រង្វង់កម្រិត ១៣ អង្សាសេ (ប្រាសាទតាក្របី) នៅខេត្ត ឧត្តរមានជ័យ ព្រះវិហារ (ប្រាសាទព្រះវិហារ) , នៅខេត្តប៉ៃលិន បាត់ដំបង អាចចុះដល់ ១៧ អង្សាសេ, នៅតំបន់វាលវែង ខេត្តពោធិសាត់ និងខ្ពង់រាបភាគឦសាន សីតុណ្ហភាព អប្បបរមា មានពី ១៦ ទៅ ១៧ អង្សាសេ។
អ្នកនាំពាក្យ ក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ខ្យល់មូសុងឦសាន ដែលបាននឹងកំពុងអូសកាត់ ពីលើប្រទេសកម្ពុជា ដោយមានល្បឿន ពី ៧ ទៅ ១០ ម៉ែត្រ ក្នុងមួយវិនាទី នៅពេលនេះ មានពីរឆ្នូត ដោយមួយឆ្នូត កាត់លើក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងមួយឆ្នូតទៀត អូសកាត់លើតំបន់ ភាគពាយព្យ នៃប្រទេសកម្ពុជា។ អាកាសធាតុនេះ មានរហូតដល់ថ្ងៃទី៣ ខែមករា ទើបសីតុណ្ហភាព ចាប់ងើបឡើងវិញ។
លោក ចាន់ យុត្ថា បាននិយាយថាៈ សីតុណ្ហភាព អប្បរមា នាព្រឹកថ្ងៃទី៣១ ខែធ្នូនៅខេត្ត មណ្ឌលគិរី មាន ១៧ អង្សាសេ, រតនគីរី ១៩ អង្សាសេ, សៀមរាប ១៨ អង្សាសេ, ឧត្តរមានជ័យ ១៥ អង្សាសេ និងខេត្តប៉ៃលិន ១៨ អង្សាសេ។ នៅយប់នេះសីតុណ្ហភាព អប្បរមា ចុះទាបជាងយប់មិញទៀត។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅនេះ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដែលបង្ហាញឱ្យឃើញ ពីធាតុអាកាសត្រជាក់ខ្លាំង កើតមានជាថ្មី និងរលកសមុទ្រ មានកម្ពស់ខ្ពស់ៗ។
នៅក្នុងសេចក្តីជូនដំណឹង ខាងលើ បានសរសេរថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលរង ឥទ្ធិពល ពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះមកក្រោម (ត្បូង) និងខ្យល់មូសុងឦសាន ខ្លាំង ។
សេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើនេះ ធ្វើឲ្យធាតុអាកាស ចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ដោយនៅបណ្តាខេត្ត តំបន់វាលដូចជា ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាព អប្បបរមា មានពី ១៦-១៨ អង្សាសេ និង អតិបរមា មានពី ២៥-២៧ អង្សាសេ។
សម្រាប់បណ្តាខេត្តដទៃ សីតុណ្ហភាព អប្បបរមា មានពី ១៩-២១ អង្សាសេ និងអតិបរមា មានពី ២៦-២៨ អង្សាសេ ។ ខេត្តជាប់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ឦសាន សីតុណ្ហភាព អប្បបរមា មានពី ១៤-១៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៦-២៨ អង្សាសេ។ បណ្តាខេត្តតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២២-២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៧-២៩ អង្សាសេ។
នៅក្នុងសេចក្តីជូនដំណឹង បានសង្កត់ធ្ងន់ថាៈ អាស្រ័យដូចបានជម្រាប ជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ពិសេសវីរៈកងទ័ពឈរជើងនៅតំបន់ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ ដោយឡែក សម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ចុះត្រជាក់ខ្លាំង ជាមួយល្បឿន ខ្យល់មូសុងឦសាន ខ្លាំង និងរលកសមុទ្រខ្ពស់ ៕/V-PC