ដោយៈ ជា សីហៈ/ភ្នំពេញៈ គណៈ កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (គ.ជ.នា/ក.អ.ក) បានរៀបចំ កិច្ច ពិគ្រោះ យោបល់ ទ្វេភាគី រវាង រាជ រដ្ឋាភិបាល កម្ពុជា និង រាជ រដ្ឋាភិបាល ថៃឡង់ ដ៏លើក ទី ១៥ ស្ដីពី កិច្ច សហប្រតិបត្ដិការបចេ្ចកទេស តាម រយៈ ប្រព័ន្ធ បញ្ចូន រូបភាព និង សម្លេង (Video Conference) ។
កិច្ចពិគ្រោះ យោបល់ នេះ ដឹកនាំ ដោយ លោក អគ្គលេខាធិការ រង គ.ជ.នា/ក.អ.ក និង លោកស្រី ប៉ាតារ៉ាត ហុងតុង ( Pattarat Hongtong) អគ្គនាយក ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ថៃឡង់ដ៏ (TICA) និង មាន ការ ចូល រួម ពី សំណាក់ពីតំណាង ក្រសួង/ស្ថាប័ន របស់ រាជ រដ្ឋាភិបាល កម្ពុជា និង រាជរដ្ឋាភិបាល ថៃឡង់ដ៏ សរុប ប្រមាណ ៥០រូប ។
គោលបំណងចម្បងនៃកិច្ចពិគ្រោះយោបល់នេះផ្តោតសំខាន់ទៅលើ៖១.ការពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៏ឆ្នាំ២០១៧២០១៩,កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្សេងៗឆ្នាំ២០១៧២០១៩,វត្តបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស។ ២. ការរៀបចំ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៍ សម្រាប់ឆ្នាំ២០២១-២០២៣។
ជាលទ្ធផល , ការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៏ក្នុងទម្រង់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងរយៈពេល៣ឆ្នាំកន្លងមក (ឆ្នាំ២០១៧២០១៩)ទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។កិច្ចសហប្រតិបត្តិការបច្ចេកទេសនេះផ្តោតលើវិស័យសំខាន់៣រួមមាន៖វិស័យកសិកម្ម , វិស័យសុខាភិបាលនិងវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាល វិជ្ជាជីវៈ ការពង្រឹងសមត្ថភាពដល់មន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លី ។
អង្គប្រជុំបានពិភាក្សា និងឯកភាពពន្លឿនការអនុវត្តគម្រោង រួមមាន៖១) ការសាងសង់អាគារក្នុងវិទ្យាស្ថាន អភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ, ២) ការសាងសង់អាគារកំពស់ ៣ជាន់សម្រាប់ដេប៉ាតឺម៉ង់ភាសាថៃនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិង៣)ការសាងសង់អាគារក្នុងមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារ ការជួញដូរមនុស្សនៅខេត្តបន្ទាយមានជ័យ ។
អង្គប្រជុំក៏បានពិភាក្សានិងឯកភាពលើការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៍សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ដោយរក្សាវិស័យអាទិភាពចំនួន៣ខាងលើនិងបញ្ចូលបន្ថែមវិស័យអាទិភាពថ្មីចំនួន៥រួមមាន៖ការអភិវឌ្ឍន៍សេដ្ឋកិច្ច,ការអភិវឌ្ឍន៍សហគមន៍និងជនបទ,ការអភិវឌ្ឍន៍សង្គម,វិស័យបរិស្ថាន,និងការអភិវឌ្ឍន៍ធនធានមនុស្ស។លើសពីនេះ,ភាគីថៃបានប្តេជ្ញាបន្តផ្តល់អាហារូបករណ៍និងវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លី សម្រាប់ឆ្នាំ ២០២១-២០២៣ មកកម្ពុជា ។
កិច្ចពិគ្រោះយោបល់បានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រកបដោយផ្លែផ្កាតាមការរំពឹងទុកក្នុងស្មារតី|ដែលបង្ហាញពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ៕