ដោយៈចាន់តូ/ភ្នំពេញៈ បុរសម្នាក់ទើបតែចេញពីគុកមិនរាងចាលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី1ដេញឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន។ ហេតុការណ៍នេះ កើតឡើងនៅព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវកម្ពុជាក្រោមកែងផ្លូវលេខ២៦៥កែង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ជនសង្ស័យឆក់ ឈ្មោះ យាន វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងឡាន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះ ជិន ស៊ីណា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកលក់ស្តង់លក់បន្លែ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានគ្នាតែម្នាក់ឯងជិះម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HN-6314 មួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក OPPO ០១គ្រឿងពី ស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូនៅតាមដងផ្លូវ។ នៅក្នុងសកម្មភាពជនសង្ស័យឆក់ទូរស័ព្ទដែលទុកនៅឃ្លុបម៉ូតូបានសម្រេចរួចព្យាយាមជិះម៉ូតូគេចខ្លួនហើយត្រូវបានកម្លាំងនគរបាលជិះល្បាតនៅតាមដងផ្លូវបានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនៅចំណុចកែងផ្លូវលេខ២៦៥ ចំងាយប្រមាណជាង១០០ម៉ែត្រពីកន្លែងឆក់ព្រមទាំងដកបានទូរស័ព្ទរនោះវិញ។
តាមស្ត្រីជាម្ចាស់ទូរស័ព្ទបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីផ្ទះទៅសន្ធរម៉ុក។ ពេលធ្វើដំណើរមកដល់ក្រោមស្ពានអាកាស 7មករា ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច។ ភ្លាមនោះខ្លួនបានជិះម៉ូតូដេញតាម និងស្រែកចោរៗ ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានតែម្ដង។
នៅចំពោះមុខជនសង្ស័យបានសារភាពអោយដឹងថា ខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួនមួយឆ្នាំកន្លះ រឿងគ្រឿងញៀនទើបតែចេញពន្ធនាគារនៅពេលថ្មីៗនេះ ដោយអត់លុយចាយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន៕