ដោយៈ គង់ហេង / កំពង់ចាមៈ ដើម្បីបង្ហាញពីការគាំទ្រ គោលនយោបាយ «ឈ្នះ!ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចារពាក្យ «អរគុណសន្តិភាព» នៅលើដើមឈើទាល មួយដើម មានអាយុជាង ១០០ ឆ្នាំ លើចំណីផ្លូវ ជាប់សាលាខេត្ត។
លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី៣០ ធ្នូថាៈ ដើម្បីចូលរួមអបអរសាទរ គោលនយោបាយ «ឈ្នះ!ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាគណៈអភិបាលខេត្ត បានបង្គាប់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ឆ្លាក់ជាស្លាកបញ្ឈរពាក្យថា «អរគុណសន្តិភាព» នៅលើដើមឈើទាលមួយដើម នៅលើដងចំណីផ្លូវ ជាប់សាលាខេត្ត និងដោយបានដាក់ឱ្យសម្ពោធ ចំថ្ងៃទី២៩ ធ្នូ នៃគោលនយោបាយ «ឈ្នះ!ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន តែម្តង។
លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ចាម បានឱ្យដឹងដែរថាៈ ដើមឈើមួយដើម នៅលើចំណីថ្នល់ ជាប់សាលាខេត្ត ដែលខាងអាជ្ញាធរខេត្ត ឱ្យអភិរក្សរក្សាទុក និងឆ្លាក់ចារ ជាស្លាកដែលមានពាក្យថា «អរគុណសន្តិភាព» នោះ គឺជាប្រភេទដើមឈើទាល មានអាយុកាលជាង ១០០ ឆ្នាំ ពោល គឺតាំងពីសម័យ អាណានិគមនិយមបារាំង។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ រូបនេះ បានបន្តថាៈ ស្លាកចារអក្សរបញ្ឈរថា «អរគុណសន្តិភាព» នៅលើដើមឈើទាល មានកម្ពស់ ប្រាំពីរ ម៉ែត្រ និងមុខកាត់ប្រមាណ ០,៨ ម៉ែត្រ។ ដើមឈើទាលនេះ បានងាប់ច្រើនខែហើយ ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានឱ្យខាងលោក ជួយអភិរក្ស សម្រាប់លម្អក្រុង គឺបានចំណាយប្រមាណ មួយខែ ឆ្លាក់ពាក្យ «អរគុណសន្តិភាព» និងសម្ពោធ កាលពីថ្ងៃទី ២៩ ធ្នូ៕/V.mara