ដោយៈ វណ្ណៈ / ព្រះសីហនុៈ គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះករណីខ្យល់ កន្ត្រាក់ ដែលជាព្យុះរដូវ បោកបក់ពីភ្នំកំចាយ នៅស្រុកព្រៃនប់ នៅតែបន្តធ្លាក់ខ្លាំង ប៉ះពាល់មកលើ ឃុំមួយចំនួន តាមផ្លូវជាតិលេខ៣ (វាលរេញ-កំពត) មានផ្ទះពលរដ្ឋជាង ៥០ ខ្នងផ្សេងទៀត នៅឃុំទឹកល្អក់ បានរងការខូចខាត ភាគច្រើន របើកដំបូល និងជញ្ជាំង។ បើតាមរបាយការណ៍ របស់រដ្ឋបាលស្រុកព្រៃនប់ បានឱ្យដឹងនៅរសៀលថ្ងៃនេះ។
មន្ត្រីរដ្ឋបាល ស្រុកព្រៃនប់ បានឲ្យដឹងថាៈ ចាប់តាំងពីវេលាទៀបភ្លឺ ថ្ងៃទី៣០រហូតមកដល់ វេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ នេះ ខ្យល់ព្យុះកន្ត្រាក់ បានបំផ្លាញ ផ្ទះពលរដ្ឋ សរុបជិត ១០០ ខ្នងផ្ទះហើយ លើឃុំចំនួនពីរ គឺឃុំទឹកថ្លា និងឃុំទឹកល្អក់ ប៉ុន្តែមិនមានមនុស្សរងគ្រោះ ថ្នាក់ទេ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ខ្យល់ព្យុះនេះនៅមិន ទាន់ថមថយ នៅឡើយទេ។
មន្ត្រីរដ្ឋបាល ស្រុកព្រៃនប់ បានរំលឹកថាៈ មានករណីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បានកើត ឡើង នៅឃុំទឹកថ្លា ស្រុកព្រៃនប់ កាលពីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០បណ្តាលឲ្យផ្ទះ ប្រជាពលរដ្ឋ ជាង ២០ ខ្នង រងការខូចខាត។
មន្ត្រីមូលដ្ឋានឃុំទឹកថ្លា ស្រុកព្រៃនប់ បានបញ្ជាក់ថាៈ នេះជារដូវខ្យល់ធ្លាក់ ពីទិសខាងជើង ភ្នំកំចាយ ដែលតែងវាយប្រហារ មកលើឃុំមួយចំនួន តាមផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ស្ទើរតែរាល់ឆ្នាំ ដោយគ្រាន់តែឆ្នាំខ្លះ ធ្ងន់ធ្ងរ និងឆ្នាំខ្លះ មិនសូវធ្ងន់ធ្ងរ ។ ប្រភពដដែល បានបញ្ជាក់ទៀតថាៈ ចំពោះស្ថានភាពខ្យល់កន្ត្រាក់នេះ បើនៅតែបន្តកើតមានច្រើន ថ្ងៃទៀត ការខូចខាតផ្ទះពលរដ្ឋ អាចនឹងកើនឡើងបន្ថែមទៀត។
រដ្ឋបាលស្រុក ព្រៃនប់ សូមអំពាវនាវដល់ បងប្អូនពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាតិលេខ៣ ចំនួន ៣ ឃុំ មានឃុំសាមគ្គី, ឃុំទឹកថ្លា,និងឃុំទឹកល្អក់ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់ព្យុះកន្ត្រាក់ ដែលតែងកើតមាន ជារៀងរាល់ឆ្នាំ នារដូវរំហើយ ជាពិសេស ក្មេងៗ, ចាស់ជរា និងជនពិការ ងាយរងគ្រោះ ៕/V-PC