ប្រែសម្រួល : កញ្ញាដាលីស/ព្រុចសែល ៖ សហភាពអ៊ឺរ៉ុបនិងចិនកាលពីថ្ងៃពុធ ទី៣០ ធ្នូបានប្រកាសពីការយល់ព្រមផ្នែកនយោបាយនៃកិច្ចព្រមព្រៀងដែលបានស្វែងរកជាយូរមកហើយដើម្បីបើកទីផ្សារចិនបន្ថែមទៀតដល់វិនិយោគិនអឺរ៉ុប ដែលជាការបង្ហាញនូវជ័យជម្នះខាងសេដ្ឋកិច្ចសម្រាប់ភាគីទាំងពីរ។
ការទម្លាយភាពទាល់ច្រកក្នុងកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងវិនិយោគសហភាពអឺរ៉ុប-ចិនបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្លុកអឺរ៉ុបក្នុងការផ្តោតលើឱកាសសេដ្ឋកិច្ចនៅអាស៊ីទោះបីជាមានការរិះគន់អំពីកំណត់ត្រារបស់ទីក្រុងប៉េកាំងស្តីពីសិទ្ធិមនុស្សក៏ដោយ។ យោងតាមមន្ត្រីសហភាពអឺរ៉ុបបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះអាចចូលជាធរមាននៅដើមឆ្នាំ ២០២២ ។
កិច្ចព្រមព្រៀង ដែលចាប់ផ្តើមចរចាតាំងពីឆ្នាំ ២០១៣ នេះ ក៏ជាដំណោះស្រាយប្រឆាំងនឹងគោលនយោបាយ “អាម៉េរិកជាអាទិភាព” របស់លោកត្រាំ ដែលបដិសេធសណ្តាប់ធ្នាប់ពហុភាគីផងដែរ។សហភាពអឺរ៉ុបបានរិះគន់យុទ្ធសាស្ត្រប្រឈមមុខដាក់គ្នារបស់លោកត្រាំចំពោះប្រទេសចិន ដោយជំរុញឱ្យមានការចូលរួមជាមួយទីក្រុងប៉េកាំងក្នុងគោលបំណងដើម្បីពង្រឹងច្បាប់សកល។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីអឺស៊ូឡា វ៉ុនដេឡេន បានសរសេរលើ Twitter កាលពីថ្ងៃពុធថា “យើងបើកទូលាយសម្រាប់អាជីវកម្មប៉ុន្តែយើងត្រូវបានចងភ្ជាប់ទៅនឹងការដោះដូរប្រយោជន៍ទៅវិញទៅមក ឱកាសជោគជ័យនិងតម្លៃស្មើភាពគ្នា។ ថ្ងៃនេះសហភាពអឺរ៉ុបនិងចិនបានបញ្ចប់ការចរចាជាគោលការណ៍ស្តីពីកិច្ចព្រមព្រៀងវិនិយោគ”។
សម្រាប់សហភាពអឺរ៉ុបទាំង២៧ប្រទេស កិច្ចព្រមព្រៀងនេះពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារចិនសម្រាប់វិនិយោគិនបរទេសនៅក្នុងឧស្សាហកម្មរាប់ចាប់ពីរថយន្តរហូតដល់ទូរគមនាគមន៍។វាក៏ដោះស្រាយផងដែរនូវគោលនយោបាយមូលដ្ឋានរបស់ចិនដែលអឺរ៉ុបនិងសហរដ្ឋអាម៉េរិកចាត់ទុកថាជាការបង្ខូចទីផ្សារ ដូចជា ការឧបត្ថម្ភធនឧស្សាហកម្ម ការគ្រប់គ្រងរបស់រដ្ឋលើសហគ្រាស និងការផ្ទេរបច្ចេកវិជ្ជាដោយបង្ខំ។
សម្រាប់ចិនកិច្ចព្រមព្រៀងនេះជំរុញការអះអាងរបស់ខ្លួនក្នុងនាមជាកម្លាំងភូមិសាស្ត្រនយោបាយសំខាន់មួយនិងអាចបន្ថយហានិភ័យដែលអាចបណ្តាលមកពីជំហរតឹងរ៉ឹងរបស់សហភាពអឺរ៉ុបលើការវិនិយោគរបស់ចិននៅអឺរ៉ុប។
ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៩ (តាមពីក្រោយសហរដ្ឋអាម៉េរិក) ដោយពាណិជ្ជកម្មទ្វេភាគីមានលើសពី១ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ៕